បាល់ទាត់៖ ក្លិបញញួរធំ West Ham បានដាក់សំណើទៅកាន់ខ្សែបម្រើ Manchester United, Jesse Lingard ផ្លូវការហើយដើម្បីនាំយកកីឡាករវ័យ ២៩ឆ្នាំរូបនេះត្រលប់ទៅកាន់កីឡដ្ឋាន London វិញ។ Jesse Lingard នឹងក្លាយជាកីឡាករដែលទំនេរពីក្លិបអាជីពនៅពេលកិច្ចសន្យារបស់គេអស់សុពលភាពជាមួយ Manchester United នៅថ្ងៃទី១ ខែកក្កដាខាងមុខ។
Lingard ធ្លាប់បានចំណាយពេលជោគជ័យក្នុងលក្ខខណ្ឌខ្ចីជើងនៅ West Ham នៅពាក់កណ្តាលរដូវកាល ២០២០-២១ ដោយស៊ុតបញ្ចូលទីបាន ៩ ក្នុងការចាប់ផ្តើម ១១នាក់ដំបូង ១៦លើកនៅ Premier League។ ក្រោយមក Manchester United ក៏បាននាំយក Lingard មកវិញបន្ទាប់ពី West Ham បានដាក់សំណើខ្ចីបន្ត។ West Ham រំពឹងថានឹងអាចនាំយក Lingard មកវិញជាថ្មី ស្របពេលដែលក្លិបនៅទីក្រុងឡុងដ៍មួយនេះក៏បានទិញផ្តាច់អ្នកចាំទី Alphonse Areola ពី Paris Saint Germain ផងដែរជាមួយនឹងតម្លៃ ១០.៥លានផោន។ West Ham នឹងបោះជំរុំហ្វឹកហាត់នៅទឹកដីស្កុតឡេនត្រៀមរដូវកាលថ្មី ក៏ដូចជាត្រៀមវគ្គ Play-Off, UEFA Europa Conference League នឹងចាប់ឆ្នោតនៅថ្ងៃទី១ ខែសីហា៕