ភ្នំពេញ៖ ក្រសួងសុខាភិបាល ស្នើអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការជួយអន្តរាគមន៍ផ្លូវច្បាប់ ទៅលើការផ្សព្វផ្សាយការលក់ផលិតផលបារី អេឡិចត្រូនិក អេចឈ៍ ធី ភី តាមរយៈបណ្តាញព័ត៌មានសង្គម។
ការថ្លែងរបស់ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងជាតំណាងឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីបណ្តាក្រសួង រាជធានី ខេត្ត ដែលជាសមាជិក សមាជិកាគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលេខាធិការដ្ឋាន។
ឯកឧត្តម បានបន្តទៀតថា បារីអេឡិចត្រូនិក ជាផលិតផលថ្មីដែលបង្កហានិភ័យធ្ងន់ធ្ងរទាំងអ្នកប្រើប្រាស់ និងអ្នកស្រូបយកចំហាយ។ ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជនគប់រូប ដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ សូមលៈបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ និងអ្នកដែលមិនទាន់ចាប់ផ្តើមប្រើប្រាស់ផលិតផលថ្នាំជក់ សូមចៀសវាងពីការប្រើប្រាស់ផលិតផលថ្នាំជក់ ផលិតផលបារីអេឡិចត្រូនិកគ្រប់ប្រភេទ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពបុគ្គល គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ និងសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត និងជំរុញការអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ឲ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
ទន្ទឹមនឹងនោះក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម អ៊ឹង ភីរុន និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអបអរសាទរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានចេញសេចកី្តណែនាំស្តីពី ការចាត់វិធានការ បង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល បារីអេឡិចត្រូនិក អេចឈ៍ ធី ភី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល ក្នុងនាមជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់កន្លងមក បានចូលរួមអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃបារីអេឡិចត្រូនិក ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ស្ថាប័នពាក់ព័ន្ធ និងសាធារណជន និងបានចូលរួមសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុងការចុះតាមដាន ឃាត់ ការលក់ដូរចែកចាយបារីអេឡិចត្រូនិក។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុក្រឹត្យលេខ១៤៩ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ និងជំរុញការពង្រីកសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ឲ្យសមស្របទៅតាមអនុសញ្ញាអន្តរជាតិស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់អង្គការសុខភាពពិភពលោក និងស្របតាមការវឌ្ឍនភាព នៃការអនុវត្តព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ក្នុងចំណោមប្រទេសក្នុងតំបន់៕