ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា បានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា ដោយទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រី អោងសាន ស៊ូជីត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានស្ថិតនៅក្នុងពន្ធនាគារទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។
យោងតាមលិខិតដែលប្រមុខការទូតកម្ពុជាផ្ញើទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជម្រាបជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា នូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរលោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋានដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។
តាមលិខិតនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតផ្ញើជូន ឯកឧត្ដម Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលថ្មីៗនេះថា «ខ្ញុំមិនមានមន្ទិលសង្ស័យទេថាក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថាលោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថាមានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ»។
តាមរយៈលិខិតដដែលនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពី មីយ៉ាន់ម៉ា «ខ្ញុំសូមលើកឡើងពីការទទូចរបស់សហសេវិកអាស៊ាន សូមអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រីក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ»។
លិខិតនេះ បានបញ្ជាក់ទៀតថា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងថា «យើងទាំងអស់គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ជូលទៅក្នុងសមីការ (equation) ដំណោះស្រាយ» និងបានគូសបញ្ជាក់ថា «អាស្រ័យហេតុនេះ សហសេវិកអាស៊ានទាំងអស់ ជំរុញយ៉ាងខ្លាំងអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះឡើយ»។
ឯកឧត្ដមប្រេសិតពិសេស បានបន្ថែមថា ដំណោះស្រាយនយោបាយដោយសន្តិវិធី ចំពោះជម្លោះមួយ ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលំហនយោបាយដោយភាគីពាក់ព័ន្ធទាំងអស់៕