បាល់ទាត់៖ បុគ្គលិកពេទ្យចំនួនប្រាំបីនាក់ដែលបានព្យាបាលលោក Diego Maradona ប៉ុន្មានសប្តាហ៍មុនពេលគាត់ស្លាប់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នោះប្រឈមនឹងការដាក់ទោសពីបទមនុស្សឃាត។
ចៅក្រមនៅអាហ្សង់ទីនបានបញ្ជាឱ្យកាត់ទោស បន្ទាប់ពីមានការស៊ើបអង្កេតលើការស្លាប់របស់ Maradona ដោយសារគាំងបេះដូង។ របាយការណ៍បានរកឃើញថា ការព្យាបាលនៅសប្តាហ៍ចុងក្រោយនៃជីវិតរបស់គាត់ កង្វះការយកចិត្តទុកដាក់ និងព្យាបាលមិនត្រឹមត្រូវ។ របាយការណ៍ក៏បានអះអាងដែរថា Maradona អាចមានឱកាសគេចផុតពីការស្លាប់ ប្រសិនបើគាត់បានទទួលការព្យាបាលគ្រប់គ្រាន់ និងត្រឹមត្រូវ។ ក្នុងចំណោមបុគ្គលិកដែលប្រឈមនឹងការចោទប្រកាន់ គឺវេជ្ជបណ្ឌិតផ្ទាល់របស់លោក Maradona គឺលោក Leopoldo Luque ដែលបានបដិសេធមិនទទួលខុសត្រូវចំពោះការស្លាប់នេះ។ ចៅក្រមបានចោទប្រកាន់ក្រុមពេទ្យទាំង ៨នាក់ពីបទធ្វើឃាតដោយអចេតនា ហើយប្រសិនបើរកឃើញថាមានទោស បុគ្គលិកពេទ្យអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២៥ឆ្នាំ៕