(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតមួយជូន លោក Vuong Dink Hue ប្រធានរដ្ឋសភាវៀតណាម ដោយសម្តែងការអបអរសាទរជាមួយ ខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងសារលិខិតនេះ សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ដូច្នេះថា៖ «ក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ ប្រទេសយើងទាំងពីរបានឆ្លងកាត់នូវដំណាក់កាលជាប្រវត្តិសាស្ត្រជាច្រើន ដោយបានជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាព និងការ អភិវឌ្ឍ។ បច្ចុប្បន្នប្រជាជន និងប្រទេសទាំងពីរបាននិងកំពុងសប្បាយរីករាយដោយការពេញចិត្តចំពោះវឌ្ឍនភាព នៃទំនាក់ទំនងដ៏ល្អលើគ្រប់វិស័យដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ការរីកចម្រើនផ្នែកសង្គម សេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍ និងវិបុលភាពរួមដ៏ត្រចះត្រចង់»។
សម្តេចបានបន្តថា សភាកម្ពុជា-វៀតណាម បានដើរតួនាទីស្នូលក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រទេសយើងទាំងពីរ ស្របតាមទិសស្លោក «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយ សហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។ ជាមួយនេះ សភាទាំងពីរបានដើរតួនាទីដ៏សំខាន់នៅក្នុង វិស័យការទូតសភាតាមរយៈពង្រឹងពង្រីកសហប្រតិបត្តិការដ៏ជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ដោយបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអន្តរសភា ដើម្បីបម្រើបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុង តំបន់ និងលើពិភពលោក។
សម្តេចបានប្រសិទ្ធពរជ័យជូន បក្ស រដ្ឋ រដ្ឋាភិបាល សភា និងប្រជាជនវៀតណាម សម្រេចបាននូវសមិទ្ធផលដ៏ធំធេងថ្មីៗថែមទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសម្រេចបាននូវគោលដៅ «ក្លាយទៅ ជាប្រទេសអភិវឌ្ឍន៍ មានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥»។
សូមបញ្ជាក់ថា កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១,២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ គិតមកដល់ខែមិថុនា ឆ្នាំ២០២២នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានរយៈពេល៥៥ឆ្នាំហើយ៕