(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បើគ្មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្ងៃទី «២០មិថុនា ឆ្នាំ១៩៧៧» ទេនោះ ក៏គ្មានព្រឹត្តិការណ៍ «១២ឧសភា និងថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨» នោះដែរ។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពោលគឺ៤៥ឆ្នាំមុន ជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។ ក្រោយព្រឹត្តិការណ៍នេះ ក៏មានព្រឹត្តិការណ៍បង្កើត «កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា» នៅថ្ងៃទី១២ ឆ្នាំឧសភា ឆ្នាំ១៩៧៨ និងព្រឹត្តិការណ៍បង្កើត រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។
ថ្លែងនៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «បើគ្មាន ២០មិថុនា ១៩៧៧ វាក៏គ្មាន ១២ ឧសភា ឆ្នាំ១៩៧៨ ហើយបើគ្មាន ១២ឧសភា ១៩៧៨ វាក៏អត់មាន ២ធ្នូ ឆ្នាំ១៩៧៨ ដែរ ព្រោះអ្វី គឺអង្គការចាត់តាំងខាងយោធារបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាចលនាសម្រាប់ឈានឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត គឺត្រូវចាប់ផ្តើមកសាង អង្គភាពរៀបរយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨»។
សម្តេចតេជោ ហ៊ុន សែន ជាតួអង្គសំខាន់ម្នាក់ ដែលបានតភ្ជាប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រយៈពេល ៤៥ឆ្នាំមកនេះ។ សម្តេចបានពន្យល់ទៀតថា «ផ្លូវរបត់នៃការធ្វើដំណើរ ផ្តើមចេញពី២០មិថុនា ១៩៧៧ វាទៅចាប់ផ្តើមកកើតជាមួយនឹងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ១៩៧៨ ហើយនោះហើយគឺជាមូលដ្ឋានដ៏សំខាន់មួយ ដើម្បីផ្គុំជាមួយអង្គការចាត់តាំងខាងនយោបាយ រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា»។
សម្តេចបានលើកឡើងថា សម្តេចបានដាក់ឈ្មោះថា «កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលកងកម្លាំងប្រដាប់អាវុធនេះ បានចេញធ្វើសកម្មភាពនៅស្រុកមេមត់ ស្រុកស្នួល រហូតចូលជ្រៅទៅដល់ស្រុកតំបែរ គាប់ជួបក្នុងខែឧសភា១៩៧៨ សម្តេចហេង សំរិន សម្តេចជា ស៊ីម បះបោឡើងនៅភាគបូព៌ាប្រទេស ហើយភាគីទាំងអស់ក៏បានចាប់ដៃគ្នា ដើម្បីពង្រីកកម្លាំងតស៊ូ និងប្រមូលផ្តុំជាមួយកម្លាំងតស៊ូដទៃទៀត ឈានទៅបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលសម្តេចសប្បាយ នៅពេលពិភាក្សាបង្កើតរណសិរ្យ នៅឆ្នាំ១៩៧៨នោះ គឺភាគីទាំងអស់បានទទួលយកឈ្មោះ «រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលធ្វើឱ្យសម្តេចមិនមានការព្រួយបារម្ភអំពីការដូរឈ្មោះកងកម្លាំងប្រដាប់អាវុធ ទៅឈ្មោះផ្សេងនោះទេ។
សម្តេចបញ្ជាក់ថា «តាមរយៈថ្ងៃ២ធ្នូ នៃការបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិនោះហើយ ដែលយើងឈានទៅរំដោះប្រទេស នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បងប្អូនមួយចំនួនបានដឹង ហើយប្រវត្តិសាស្រ្តក៏បានកត់ត្រាទុកអំពីអន្តរាគមន៍ របស់កងទ័ពវៀតណាមដើម្បីសង្គ្រោះប្រជាជនប្រទេសនេះ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើចង់ដឹងថា ការអន្តរាគមន៍របស់កងទ័ពវៀតណាម ក្នុងការរំដោះប្រជាជនកម្ពុជាខុស ឬក៏ត្រូវនោះ ត្រូវទៅសួរតុលាការកូនកាត់របស់អង្គការសហប្រជាជាតិ «អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា» តើសាលក្រមតុលាការកាត់ទោសប៉ុលពតមានន័យដូចម្តេច? នេះជាការទទួលស្គាល់ដោយអង្គការសហប្រជាជាតិតែម្តងថា ទង្វើរបស់វៀតណាមគឺត្រឹមត្រូវ ៕