បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ នឹងចាប់ផ្ដើមការប្រកួតវគ្គជម្រុះថ្នាក់ជាតិ ឬដំណាក់កាលទី២ នាថ្ងៃទី២១ ខែមិថុនាដើមសប្ដាហ៍ក្រោយនេះហើយ បន្ទាប់ពីរកឃើញក្រុមជយលាភីថ្នាក់ខេត្តកាលពីថ្មីៗ។
តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួតសម្រាប់វគ្គជម្រុះថ្នាក់ជាតិ ឬការប្រកួតដំណាក់កាលទី២ នៃពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះគឺមានបេក្ខភាព ១៤ក្រុមចូលរួមក្នុងនោះមាន ៤ក្រុមជាក្រុមជយលាភីមកពីពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តគឺមានក្រុមជើងឯកភ្នំពេញហ្គាឡាក់ស៊ី, ក្រុមលេខ២ ខេត្តឧត្ដរមានជ័យ, ក្រុមលេខ៣ ឬទ្ធីសែន និងក្រុមលេខ៤ ខេត្តកំពត។ ១០ក្រុមទៀតគឺជាក្រុមបេក្ខភាពលីគទី២ ឬ Cambodian League 2 រួមមានក្រុមអគ្គិសនីកម្ពុជា, នគរបាលជាតិ, ព្រៃវែងអេហ្វស៊ី, កោះកុងអេហ្វស៊ី, អាយ អេស អាយ ដង្កោសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, សៀមរាបអេហ្វស៊ី, បន្ទាយមានជ័យអេហ្វស៊ី, សូលទីឡូអង្គរ និងក្រុមណិចស្តិបអេហ្វស៊ី។
សម្រាប់ការប្រកួតដំណាក់កាលទី២ នឹងជម្រុះយកក្រុមខ្លាំងៗ ៨ក្រុមឡើងទៅប្រកួតដំណាក់កាលទី៣ ជាមួយក្រុមក្របខណ្ឌលីគកំពូលកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងដណ្ដើមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំ២០២២។ ការប្រកួតដំណាក់កាលទី២ គ្រោងនឹងបញ្ចប់នាថ្ងៃទី០៧ ខែកក្កដាខាងមុខមុនបន្ដការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃដំណាក់កាលទី៣ ដែលគ្រោងធ្វើការប្រកួតពីថ្ងៃទី២០ ខែកក្កដារហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ៕