(ឥណ្ឌា)៖ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាជាមួយ លោកស្រី Pornpimol Kanchanalak ប្រេសិតពិសេសរបស់ លោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ដើម្បីផ្លាស់ប្តូរយោបល់អំពីការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រជាជនដែលត្រូវការជំនួយបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងនាមជាបេសកជនពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្លាប់បានអះអាងថា លោកនឹងទៅបំពេញទស្សនកិច្ចលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា នៅចុងខែមិថុនានេះ ដោយផ្តោតសំខាន់លើការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ និងការផ្តល់ជំនួយ។
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ ដំណើរនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត ចៃហ្សានកា (S. Jaishankar) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។
អំឡុងពេលស្នាក់នៅទីក្រុងញូវដេលី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត និងអគ្គលេខាធិការអាស៊ាន ក៏បានចូលជួបសម្ដែងការគួរសមចំពោះ លោក Narendra Modi នាយករដ្ឋមន្រ្ដីឥណ្ឌាផងដែរ៕