បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចប់យុទ្ធនាការប្រកួតជម្រុះជុំចុងក្រោយ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 នៅប្រទេសឥណ្ឌាហើយ ដោយរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះក្រោយប្រកួតស្មើក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ២-២ កាលពីយប់មិញ។
ជំនួបបង្គ្រប់កិច្ចពូល D នេះ អាហ្វហ្គានីស្ថានបានបើកការនាំមុខកម្ពុជា ២គ្រាប់មុនដែលធ្វើសម្រេចដោយកីឡាករ Faysal Shayesteh នៅនាទី១៦ និងកីឡាករក្លិបបឹងកេត Mustafa Zazai នៅនាទី៣៥ មុនកីឡាករ ប្រាក់ ធីវ៉ា រកបាន ១គ្រាប់ឲ្យក្រុមគោព្រៃវិញនៅនាទី៣៧ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់វគ្គទី១។ ដោយឡែកវគ្គទី២ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែជក់ចិត្ត ពិសេសក្រុមជម្រើសជាតិកម្ពុជារហូតរកបានគ្រាប់វាយបកតាមស្មើ ២-២ វិញ តាមរយៈការតែតបញ្ចូលទីរបស់កីឡាករ កែវ សុខផេង ហើយលទ្ធផលនេះក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីកម្ពុជាមានឱកាសជាច្រើនលើកនៅចុងម៉ោង តែធ្វើមិនបានសម្រេច។
លទ្ធផលនេះបានធ្វើឲ្យកម្ពុជា និងអាហ្វហ្គានីស្ថានរកបានត្រឹម ១ពិន្ទុម្នាក់ដូចគ្នាក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023 នេះ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតក្នុងពូល D ជាមួយលទ្ធផលស្មើ ១ និងចាញ់ ២ មិនស្គាល់ជ័យជម្នះដូចគ្នា៕