ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Kathryn Campbell រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានសម្តែងការពេញចិត្តចំពោះមិត្តភាពដ៏ យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងអំឡុងពេល ៧០ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ ថែមទាំងបានឯកភាពប្តេជ្ញាចិត្តបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។
នៅក្នុងជំនួបការងារកាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២០កន្លងទៅ នៅទីស្តីក្រសួង ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងសាជាថ្មីនូវការវាយតម្លៃរបស់កម្ពុជា ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅលើវិស័យអប់រំ សុខាភិបាល ការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ការពារជាតិនិងសន្តិសុខ និងបានកត់សម្គាល់ អំពីលទ្ធផល ប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីលើកទី៣ នៅទីក្រុងកង់បេរ៉ា។
ជាមួយគ្នានេះ ឯកឧត្តម បានចែករំលែកជាមួយលោកជំទាវអំពីការវិវត្តនៃសភាពការណ៍ នៅមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីភាពស្មុគស្មាញនៃវិបត្តិ និងការប្រឈមមុខនានា ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយ ដែលតម្រូវឱ្យមានការយោគយល់គ្នា ភាពអត់ធ្មត់ និងការអត់ឱនពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង រួមឯកភាពនិងសាមគ្គីភាពក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងគ្រប់ភាគីទាំងអស់។
ឯកឧត្តម បានគូសបញ្ជាក់អំពីវឌ្ឍនភាព ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ចំណុច របស់អាស៊ានស្ដីពីមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការរៀបចំការងារជាមូលដ្ឋានក្នុងអំឡុងពេលនៃទស្សនកិច្ចលើកទីមួយរបស់លោកទៅកាន់មីយ៉ាន់ម៉ា កាលពីខែមីនាកន្លងទៅ សម្រាប់អាទិភាពបន្ទាន់ចំនួន៣រួមមាន៖១.ការបញ្ឈប់ អំពើហិង្សា ២.ការធានា ឱ្យបាននូវការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង៣.ការកសាងបរិយាកាសអំណោយផលសម្រាប់ កិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្នដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
ឯកឧត្តម បានជម្រាបជូនភ្ញៀវ អំពី ការរៀបចំដំណើរទស្សនកិច្ចជាលើកទី២ របស់ឯកឧត្តមទៅកាន់មីយ៉ាន់ម៉ា ដែលគ្រោងធ្វើនៅចុងខែនេះ ដោយសង្កត់ធ្ងន់ថា ការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺស្ថិតក្នុងចំណោមការផ្ដោតការយកចិត្តទុកដាក់របស់លោកនាពេលនោះ ស្របតាម អាណត្តិរបស់ប្រេសិតពិសេស។
ជាកិច្ចឆ្លើយតប ភាគីអូស្រ្តាលី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងបាន អះអាងអំពីការគាំទ្រ របស់អូស្ត្រាលីសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕