(ភ្នំពញ)៖ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ឱ្យចូលខ្លួនមកធ្វើការបំភ្លឺធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ ដោយសារតែមន្រ្តីរូបនេះស្រវឹងស្រា ហើយជិះម៉ូតូរេពេញផ្លូវ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបានឃើញការចុះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិនោះ ថ្នាក់ដឹកនាំបានឲ្យ ការិយាល័យជំនាញកោះហៅមន្រ្តីរូបនេះមកធ្វើការអប់រំ និងដាក់ពិន័យតាមច្បាប់កងកម្លាំងនគរបាលជាតិ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា៖ «ករណីខាងលើនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការដឹកនាំ របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោយពីបានទទួលព័ត៌មានភ្លាមៗ កម្លាំងជំនាញរបស់យើង ចាប់ផ្តើមធ្វើការភ្លាម ដើម្បីស្រាវជ្រាវថាតើលេខម៉ូតូហ្នឹង ជារបស់អ្នកណាមន្ត្រីនៅខាងណា ព្រោះរូបភាពថតពីក្រោយ។ បន្ទាប់ពីស្រាវជ្រាវបានប៉ុន្មានម៉ោង មន្ត្រីយើងបានរកឃើញថា គាត់ជាមន្ត្រីចរាចរណ៍នៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ»។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «នេះគឺជាទង្វើរបស់បុគ្គលដែលមន្ត្រីមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំងជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ ឱ្យចូលខ្លួនមកធ្វើការបំភ្លឺធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំងដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ»។
ជាចុងបញ្ចប់ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហានេះ៕