បាល់ទាត់៖ ការប្រកួតបាល់ទាត់ពានរង្វាន់ AFC U-23 Asian Cup បានរកឃើញបួនក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ការប្រកួតនៅថ្ងៃអាទិត្យគូចុងក្រោយគេម្សិលមិញ អារ៉ាប៊ីសាអ៊ូឌីតបានយកឈ្នះក្រុមជើងឯករងឆ្នាំ២០១៨ វៀតណាមដោយលទ្ធផល ២-០។
ពីរគ្រាប់នៅវគ្គនីមួយៗគ្រប់គ្រាន់ល្មមសំរាប់អារ៉ាប៊ីសាអ៊ូឌីតយកឈ្នះការប្រកួតនេះ ខណៈវៀតណាមបាត់បង់អ្នកចាំទីនៅពេលទទួលបានកាតក្រហមនៅវគ្គទី២។ មួយគូទៀតនៅថ្ងៃអាទិត្យម្សិលមិញដែរ ក្រុមជើងឯកឆ្នាំ២០១៦ ជប៉ុនបានយកឈ្នះអ្នកជិតខាងកូរ៉េ ៣-០។ បីគ្រាប់សំរេចបានដោយ Yuito Suzuki ២គ្រាប់ម្នាក់ឯង និង Mao Hosoya មួយគ្រាប់។ ចំណែកការប្រកួតកាលពីថ្ងៃសៅរ៍ ក្រុមម្ចាស់ផ្ទះអ៊ូសប៊ែគីស្ថានបានយកឈ្នះអ៊ីរ៉ាក់ទាំងលំបាកដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ខណៈអូស្ត្រាលីយកឈ្នះទួមែនីស្ថាន ១-០។ ដូច្នេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី១៥ ខាងមុខ អូស្ត្រាលីត្រូវជួបជាមួយអារ៉ាប៊ីសាអ៊ូឌីត និងអ៊ូសប៊ែគីស្ថានជួបជប៉ុន៕