(វ៉ាស៉ីនតោន)៖ ឧទ្ធម្ភាគចក្រ១គ្រឿង របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់នៅតំបន់វាលខ្សាច់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា (Califronia) ក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ១គ្រឿងផ្សេងទៀត របស់កងម៉ារីនអាមេរិក កាលពីមួយថ្ងៃមុន ដែលបានផ្តាច់ជីវិតទាហាន៥នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
យោធាអាមេរិកបានឱ្យដឹងថា មានមនុស្ស៤នាក់ នៅលើឧទ្ធម្ភាគចក្រធុន MH-60S Seahawk របស់កងទ័ពជើងទឹកអាមេរិក ដែលបានធ្លាក់នៅទីលានហ្វឹកហ្វឺន ក្បែរទីក្រុង អែល សិនត្រូ (El Centro) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់)។ ហេតុការណ៍នោះ ពុំបានបង្កឱ្យមានការអ្នកបាត់បង់ជីវិតទេ ប៉ុន្តែមានម្នាក់ទទួលរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះវិញ ឧទ្ធម្ភាគចក្រ១គ្រឿងទៀតធុន MV-22 Osprey បានធ្លាក់នៅម្តុំតំបន់វាលខ្សាច់ភាគខាងត្បូងរដ្ឋ California ដូចគ្នា ដោយកងម៉ារីនទាំង៥នាក់ ដែលមានវត្តមានក្នុងឧទ្ធម្ភាគចក្រ បានស្លាប់ទាំងអស់។ ករណីនោះ គឺជាហេតុការណ៍គ្រោះថ្នាក់ធ្ងន់ធ្ងរ លើកទី២ហើយ ក្នុងឆ្នាំនេះ ដែលពាក់ព័ន្ធឧទ្ធម្ភាគចក្រ Osprey របស់កងទ័ពម៉ារីនអាមេរិក ខណៈកាលពីខែមីនា ឧទ្ធម្ភាគចក្រប្រភេទនេះ១គ្រឿង បានធ្លាក់និងផ្តាច់ជីវិតកងម៉ារីន៤នាក់ កំលុងការហ្វឹកហ្វឺន នៅឯប្រទេសន័រវែស៕