(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ដល់១២ ខែមិថុនា នៅប្រទេសសិង្ហបុរី ហើយក្រៅពីចូលរួមកិច្ចប្រជុំនេះ សម្តេចនឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន អូស្រ្តាលី និងសិង្ហបូរី។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលក្រសួងការពារជាតិបានចេញនាពេលកន្លងទៅនេះ បានឱ្យដឹង ថា កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២នេះ កិច្ចប្រជុំនឹងលើកយកវិធានបទជាច្រើនមកពិភាក្សាដោយក្នុងនោះនិយាយអំពីជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ការគ្រប់គ្រងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល.ការបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗចក្ខុវិស័យរបស់ប្រទេសចិនទៅលើសណ្តាប់ធ្នាប់តំបន់ បញ្ហាប្រឈមតាមអ៊ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ និងគំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់ជាដើម។
តាមសេចក្តីប្រកាសបានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសចំនួន ៤ផងដែរ ដែលរួមមាន៖ (|) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង ()តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់, (|) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្រ្តឆ្ពោះទៅមុខ និង (iv) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈានទៅទំនាក់ទំនងនៅពេលមានវិបត្តិ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានលើកឡើងទៀតថានៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី «ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។
ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ក៏នឹងថ្លែងគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនានា ស្របតាមមូលបទកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕