(ភ្នំពេញ)៖ សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បានចេញលិខិតមួយ ដោយធ្វើការសុំអភ័យទោសដល់សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមបាល់ទាត់កម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022 នាពេលនេះ។
ក្នុងលិខិតរបស់ខ្លួន សហព័ន្ធបាល់ទាត់ឥណ្ឌា បានលើកឡើងដូច្នេះថា៖
«សូមទទួលគារវកិច្ចពីសហព័ន្ធបាល់ទាត់ឥណ្ឌា
ជាដំបូង ខ្ញុំសូមអរគុណដល់អ្នក និងក្រុមការងាររបស់អ្នកទាំងមូល សម្រាប់ការផ្ដល់រាល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ការផ្ដល់ទិដ្ឋាការដល់ក្រុមការងារសហព័ន្ធបាល់ទាត់កម្ពុជា។
ទី២ យើងក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំជម្រើសជាតិកម្ពុជា សម្រាប់ការផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាសណ្ឋាគារ នៅក្នុងទីក្រុង Kolkata និងសូមធានាថា យើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបំពេញតាមតម្រូវការរបស់សហព័ន្ធ និងជម្រើសជាតិកម្ពុជា ហើយមិនឱ្យករណីបែបនេះកើតឡើងជាថ្មីឡើយ។
បន្ថែមពីលើនេះ ខ្ញុំសូមអភ័យទោសដល់សហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជាទាំងមូល ចំពោះបញ្ហាពាក់ព័ន្ធនឹងសណ្ឋាគារ រួមទាំងបញ្ហាដែលបាន កើតឡើងកំលុងពេលចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បញ្ហាពាក់ព័ន្ធនឹងការចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានលើកយកមកពិភាក្សាជាមួយក្រុមបច្ចេកទេស ហើយបញ្ហាគឺបង្កឡើងដោយកំហុសបច្ចេកទេសនៅលើស្រ្គីន។
ក្រុមការងារយើងទាំងមូលនឹងប្រឹងប្រែងធានាមិនឱ្យបញ្ហាបែបនេះកើតឡើងជាថ្មីទៀតទេ កំលុងការប្រកួតដែលនៅសេសសល់ និងនៅសណ្ឋាគារ»។
សូមជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News បានព្រមានទុករយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានចេញលិខិតសុំទោសកម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវបានរិះគន់ថា មិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។ ជាពិសេស អ្នករៀបចំនេះពុំមានភ្លេងជាតិកម្ពុជា ដើម្បីចាក់នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាពេលដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា៕