បាល់ទាត់៖ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បានធ្វើដំណើរទៅដល់ទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ដែលជាគោលដៅមួយក្នុងចំណោមគោលដៅ ៥១ប្រទេសមុនទៅដល់ទឹកដីកាតាដែលជាម្ចាស់ផ្ទះ World Cup នៅចុងឆ្នាំនេះ។
បន្ទាប់ពីចាកចេញពីប្រទេសអ៊ូសប៊ែគីស្ថាន ពានរង្វាន់ World Cup ដែលមានទំងន់ ៦.១គីឡូក្រាមធ្វើពីមាសសុទ្ធបានមកដល់ទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ដែលបានដាក់បង្ហាញដោយអតីតជ័យលាភី World Cup ជាមួយក្រុមជំរើសជាតិបារាំងលោក Christian Karembeu រួមជាមួយប្រធានក្រុមបាល់ទាត់នារីប៉ាគីស្ថាន Hajra Khan។ Hajra Khan បាននិយាយថា នេះជាសុបិនក្លាយជាការពិតដែលបានឈរជិតពានរង្វាន់ដ៏វិសេសវិសាលមួយនេះ និងសង្ឃឹមថា ពានរង្វាន់មួយនេះជួយជំរុញទឹកចិត្តយុវជនឱ្យលេងកីឡាបាល់ទាត់ និងបំពេញក្តីស្រមៃរបស់ខ្លួន។
ពានរង្វាន់ World Cup ត្រូវបានដាក់បង្ហាញនៅកណ្តាលទីក្រុង Lahore រួមជាមួយនឹងការប្រគុំតន្ត្រីអបអរសាទរផងដែរ។ គោលដៅបន្ទាប់ កម្មវិធី World Cup Trophy Tour នឹងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក៏នឹងមកដល់ទឹកដីកម្ពុជាផងដែរនៅថ្ងៃទី១៥ ខែមិថុនានេះដែលនឹងមានពិធីដង្ហែទៅកាន់ពហុកីឡដ្ឋានមរតកតេជោ៕