(ជប៉ុន)៖ ក្រុមអ្នកជួយសង្រ្គោះជប៉ុននៅថ្ងៃអង្គារនេះ កំពុងបង្កើន និងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការស្វែងរក ក៏ដូចជាជួយសង្រ្គោះប្រជាជន ដែលកំពុងជាប់គាំងដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅភាគខាងលិចនៃប្រទេស ជាទីដែលមនុស្សយ៉ាងហោច ៥០នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសដាក់ចេញនូវការព្រមានកម្រិតខ្ពស់ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដីនៅលើកោះគ្យូស៊ុ (Kyushu) នៃភាគនិរតីប្រទេស ជាមួយការព្យាករណ៍ទៀតថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្ត រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ដោយឡែកមន្ត្រីម្នាក់នៅក្នុងទីក្រុង គូម៉ាម៉ូតុ (Kumamoto) ដែលជាតំបន់រងគ្រោះ ធ្ងន់ធ្ងរជាងគេបានបញ្ជាក់ដែរថា មកទល់នឹងពេលនេះមនុស្ស ៤៩នាក់ ត្រូវបានគេអះអាងថាស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួន ក៏ត្រូវគេសង្ស័យថាស្លាប់ផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះច្រើនជាង ៤០,០០០នាក់ ក្នុងនោះរួមមានប៉ូលិស និងក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ រួមទាំងឆ្មាំសមុទ្រ និងកងទ័ព ឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ខណៈប្រជាជនរាប់សែននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ក្រោមការវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ បច្ចុប្បន្នជប៉ុនកំពុងស្ថិតនៅក្នុងរដូវភ្លៀង ដែលតែងតែបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ជាញឹកញប់ ដោយកាលពីឆ្នាំ២០១៨ មនុស្សច្រើនជាង ២០០នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់ នៅក្នុងតំបន់ភាគខាងលិច នៃប្រទេសដូចគ្នានេះ៕