បាល់ទាត់៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានប្រកាសពីការបន្តកិច្ចសន្យាជាមួយខ្សែបម្រើអង់គ្លេស James Milner មួយរដូវកាលទៀតទោះបីឈានដល់វ័យ ៣៦ឆ្នាំក៏ដោយ។
James Milner កិច្ចសន្យារបស់គេនឹងអស់សុពលភាពនៅដំណាច់ខែមិថុនានេះតែ Liverpool បានសំរេចចិត្តរក្សាខ្សែបម្រើពេញដោយបទពិសោធន៍មួយនេះមួយរដូវកាលទៀត បន្ទាប់ពីកីឡាករវ័យ ៣៦ឆ្នាំរូបនេះរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Liverpool ឈ្នះជើងឯក FA Cup និង League Cup ក៏ដូចជាឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League និងជើងឯករង English Premier League។ រដូវកាល ២០២១-២២ កន្លងមក James Milner បង្ហាញខ្លួនសរុប ៣៩ប្រកួតគ្រប់ក្របខណ្ឌ ខណៈកិច្ចសន្យាថ្មីនេះមានន័យថា Milner នឹងបន្តនៅ Anfield រដូវកាលទី ៨ យូរជាងពេលនៅជាមួយក្លិបណាៗទាំងអស់។ រំលឹកថា James Milner ធ្លាប់ជាកីឡាកររបស់ Leeds United, Newcastle, Aston Villa និង Manchester City៕