បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្ដើមហ្វឹកហាត់ថ្ងៃដំបូងរបស់ខ្លួន នៅប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃទី០៥ ខែមិថុនាម្សិលមិញ បន្ទាប់ពីចាកចេញពីមាតុភូមិកាលពីថ្ងៃសៅរ៍កន្លងទៅ។
ការហ្វឹកហាត់របស់ក្រុមគោព្រៃកម្ពុជានេះគឺមានរយៈពេល ៣ថ្ងៃប៉ុណ្ណោះមុនជួបក្រុមម្ចាស់ផ្ទះឥណ្ឌាបើកឆាកពូល D នៃការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 ជុំទី៣ នាថ្ងៃទី០៨ ខែមិថុនាខាងមុខនៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។ សម្រាប់បេសកកម្មនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានត្រៀមទឹកប្រាក់ ១៦ម៉ឺនដុល្លារ សម្រាប់ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជាក្នុងនោះទឹកប្រាក់ ៤ម៉ឺនដុល្លារសម្រាប់លើកទឹកចិត្ត និងការធ្វើដំណើរ ហើយ ១២ម៉ឺនដុល្លារសម្រាប់លើកទឹកចិត្តបន្ថែម ប្រសិនបើក្រុមគោព្រៃកម្ពុជាបានឡើងទៅជុំផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ថា យុទ្ធនាការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023 របស់ក្រុមជម្រើសជាតិកម្ពុជានេះគឺស្ថិតក្នុងពូល D ជាមួយបេក្ខភាពប្រកួតប្រជែង ៣ក្រុមទៀត ពោលគឺក្រោយជួបម្ចាស់ផ្ទះឥណ្ឌា កម្ពុជានឹងបន្ដជួបហុងកុងនាថ្ងៃទី១១ ខែមិថុនា មុនបន្ដជួបអាហ្វហ្គានីស្ថាននាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕