អ៊ុយក្រែន៖ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនគ្រប់ ១០០ថ្ងៃហើយចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារចូលប្រទេសជិតខាងរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
អង្គការសហប្រជាជាតិ នៅថ្ងៃទិវាការពារកុមារអន្តរជាតិដែលត្រូវបានប្រារព្ធនៅថ្ងៃទី១ ខែមិថុនាជារៀងរាល់ឆ្នាំបាននិយាយថា រយៈពេល ១០០ថ្ងៃដំបូងនៃសង្គ្រាម “បានបង្កឲ្យមានផលវិបាកដ៏អាក្រក់ដល់កុមារក្នុងកម្រិត និងល្បឿនដែលមិនធ្លាប់បានឃើញចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ខណៈជាមធ្យមកុមារយ៉ាងហោចណាស់ ២នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃ។ ប្រធានការិយាល័យរដ្ឋអាជ្ញាអ៊ុយក្រែនបាននិយាយថា កុមារយ៉ាងហោចណាស់ ២៤៣នាក់បានស្លាប់ និងកុមារប្រមាណ ៤៤៦នាក់ផ្សេងទៀតបានរងរបួស ដោយសារការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិឲ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់ ៤,១៤៩នាក់បានស្លាប់ និង ៤,៩៤៥នាក់ផ្សេងទៀតរងរបួសក្នុងជម្លោះនៅអ៊ុយក្រែនចាប់តាំងពីផ្ទុះសង្គ្រាម ខណៈគេជឿថា ចំនួនពិតប្រាកដមានខ្ពស់ជាងនេះ។
អង្គការទេសន្ទរប្រវេសន៍អន្តរជាតិបាននិយាយថា ម្នាក់ក្នុងចំណោមមនុស្ស ៦នាក់បានភៀសខ្លួនក្នុងប្រទេសដោយសារសង្គ្រាម ដែលនាំឲ្យជនភៀសខ្លួនសរុបកើនឡើងដល់ជាង ៧លាន ៧សែននាក់។ ចំណែកទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ៦លាន ៨សែនបានភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសផ្សេងៗ។ ក្រុមគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនបានជួបចរចាទល់មុខគ្នាសរុបចំនួន ៤លើកដើម្បីធានាឲ្យមានបទឈប់បាញ់ ក្នុងនោះមាន ៣លើកធ្វើនៅប្រទេសបេឡារុស និងមួយលើកធ្វើនៅទួរគី៕