បាល់ទាត់៖ ក្រុមជម្រើសជាតិកម្ពុជាបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ចំពោះការផ្លាស់ប្ដូរទម្រង់លេងពីប្រយុទ្ធមកការពារ-វាយបកក្នុងជ័យជម្នះ ២-១ លើក្រុមជម្រើសជាតិទីម័រខាងកើតនៃជំនួបមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២។
ក្រោយចប់ការប្រកួតលោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានទទួលស្គាល់នេះគឺជារឿងថ្មីសម្រាប់កម្ពុជា បន្ទាប់ពីមានការប្រែប្រួលទម្រង់លេង ដ្បិតលោកនឹងមានការកែប្រែយុទ្ធសាស្ដ្រលេងថ្មីៗបន្ថែមទៀត ដើម្បីត្រៀមការប្រកួតផ្សេងៗក្នុងឆ្នាំនេះក៏ដូចជាឆ្នាំ២០២៣ ខាងមុខ។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានពន្យល់ថា ការប្រកួតមិត្តភាពនេះ ទីម័រខាងកើតបានគ្រប់គ្រងបាល់ច្រើន ដោយសារកម្ពុជាមានការកែប្រែយុទ្ធសាស្ដ្រថ្មី ដើម្បីត្រៀមលេងព្រឹត្តិការណ៍ជាច្រើនទៀត។ ដូច្នេះលោកបានចាត់ទុកនេះគឺជារឿងថ្មីមួយសម្រាប់កម្ពុជា ពិសេសបន្ទាប់ពីកូនក្រុមរបស់ខ្លួនរកបាន ២គ្រាប់វិញដើម្បីទទួលបានជ័យជម្នះតែម្ដង។ សូមរំលឹកថា ជំនួបមិត្តភាពអន្ដរជាតិ ក្រុមទីម័របានបើកការនាំមុខកម្ពុជា ១គ្រាប់មុននៅនាទី២២ ដែលស៊ុតបញ្ចប់ទីដោយខ្សែប្រយុទ្ធចំណូលថ្មីអង្គរថាយហ្គឺរ Mouzinho Barreto de Lima មុនកីឡាករ កែវ សុខផេង រកបានគ្រាប់តាមស្មើវិញនាទី៣៩។
ចូលវគ្គទី២ ទីម័រនៅតែរក្សាការគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែចុងម៉ោងកម្ពុជាបានបន្ថែម ១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះតាមរយៈការតែតរបស់កីឡាករ ជួន ចាន់ចាវ នៅនាទី៨៤។ ក្រោយបញ្ចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជាគ្រោងនឹងចាកចេញទៅប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខ ដើម្បីធ្វើការប្រកួតជម្រុះជុំទី៣ នៃជើងឯកទ្វីបអាស៊ី AFC Asian Cup ដោយកម្ពុជាស្ថិតនៅពូល D ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕