បាល់ទាត់៖ ខ្សែបម្រើបារាំង Paul Pogba នឹងចាកចេញពីក្រុមបិសាចក្រហម Manchester United ដោយគ្មានតម្លៃផ្ទេរនៅដំណាច់ខែមិថុនានេះក្រោយកិច្ចសន្យាអស់សុពលភាព នេះបើតាមការបញ្ជាក់របស់ក្លិប។
កីឡាករវ័យ ២៩ឆ្នាំរូបនេះត្រូវបាន Manchester United នាំត្រលប់មកវិញពីក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ ៨៩លានផោនកាលពីឆ្នាំ២០១៦។ Pogba បង្ហាញខ្លួនបានត្រឹម ២៧ប្រកួតប៉ុណ្ណោះក្នុងរដូវកាលចុងក្រោយរបស់ខ្លួនដោយសារបញ្ហារបួស។ រំលឹកថា Paul Pogba បានចូលរួមជាមួយ Manchester United ដំបូងនៅឆ្នាំ២០០៩ ផ្ទេរពីក្លិបបារាំង Le Havre ក្នុងវ័យត្រឹម ១៦ឆ្នាំ។ តែនៅឆ្នាំ២០១២ Pogba បានចាកចេញនៅពេលកិច្ចសន្យាសន្យាអស់សុពលភាពនៅខែកក្កដា ឆ្នាំ២០១២ ក្រោយបង្ហាញខ្លួនឱ្យ Manchester United ត្រឹម ៧ប្រកួតប៉ុណ្ណោះ។ ទៅដល់ Juventus, Paul Pogba បានឈ្នះពានសំខាន់ចំនួន ៨ នៅទីក្រុង Turin បូករួមទាំងពាន Serie A បួនរដូវកាលជាប់គ្នា។
ត្រលប់មកកាន់ Manchester United, Paul Pogba បានឈ្នះពាន EFL Cup និង UEFA Europa League ក្នុងរដូវកាលដំបូងនៃការវិលត្រលប់របស់ខ្លួន។ សរុបមក Paul Pogba បង្ហាញខ្លួនសរុប ២៣៣ប្រកួតស៊ុតបញ្ចូលទីបាន ៣៩គ្រាប់ជាមួយក្រុមបិសាចក្រហម Manchester United និងបង្ហាញខ្លួនចុងក្រោយនៅពេលជួប Norwich City កាលពីខែមេសា និងត្រូវបានអ្នកគាំទ្រខ្លួនឯងហ៊ោប្រមាថ៕