(បន្ទាយមានជ័យ)៖ កងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា រួមមាន កម្លាំងនគរបាល និងកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានជួបពិភាក្សាជាមួយ ទាហានឈុនខ្មៅថៃ ដើម្បីរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការនាំមនុស្សឆ្លងដែនខុសច្បាប់ និងផ្ដល់ព័ត៌មានទៅវិញទៅមក។
កិច្ចពិភាក្សានេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។
ភាគីកម្ពុជា ដឹកនាំដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ រួមជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ, លោកវរសេនីយ៍ត្រី ជា រិត មេបញ្ជាការកងអនុសេនាធំទី១។ រីឯភាគីថៃ ដឹកនាំលោកវរសេនីយ៍ត្រី ស៊ុរ៉ាត់ យាន់បួបាន មេបញ្ជាការកងអនុសេនាធំ១៣.០៥ ឈរជើងទល់មុខភូមិសាស្រ្តប៉ុស្តិ៍ក្បាលទំនប់។
សូមបញ្ជាក់ថា កម្លាំងទាំងពីរនឹងខិតខំយកចិត្តទុកដាក់អនុវត្តបន្តតាមការណែនាំរបស់ថ្នាក់ដឹងនាំប្រទេសទាំងពីរ ព្រមទាំងគោរពតាបទបញ្ជាមេបញ្ជារការ និងសហការគ្នាទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗ ដែលកើតមានទ្បើងតាមព្រំដែនកម្ពុជា-ថៃ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕