ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រគល់អំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តសម្រាប់សេវាសុខភាពភ្នែកកុមារ និងទារក គិតជាទឹកប្រាក់សរុបជាង ៧ម៉ឺនដុល្លារអូស្រ្តាលី ជូនដល់មនី្ទរពេទ្យកាល់ម៉ែត។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រាចារ្យ ឈាង រ៉ា នាយកមន្ទីពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រាចារ្យ ងី ម៉េង ប្រធាន កម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកស្រី Judy Hat swell នាយកប្រតិបត្តិនៃអង្កការ សាយ ហ្វ អល (Sight For All) រួមនិងបុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យផងដែរ។
បើតាមឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង និងលោកស្រី Judy Hat swell បានលើកឡើងរួមគ្នាថា រដ្ឋាភិបាលអូស្រ្តាលី ឯកអគ្គរដ្ឋ និងអង្គការ សាយ ហ្វ អល និងអង្គការមួយចំនួនទៀត បានជួយរៀបចំផែនការដល់កម្មវិធីជាតិសុខភាពភ្នែក សម្រាប់យុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០។ទន្ទឹមនឹងនោះអង្គការ សាយ ហ្វ អល សង្កេតឃើញថា មួយរយៈចុងក្រោយ មានការអភិវឌ្ឍច្រើន ហើយអង្គការ និងចូលរួមជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ផ្នែកសុខភាពភ្នែកកុមារ និងទារក ដូចជាវគ្គបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវនៅតាមសហគមន៍ និងមានគម្រោងអភិវឌ្ឍផ្នែកបច្ចេកទេសជាន់ខ្ពស់ នៅតាមផ្នែកផ្សេងទៀតៗផងដែរ។
ជាមួយគ្នានោះឯកឧត្តម Pablo Kang បានថ្លែងថា រដ្ឋាភិបាលអូស្រ្តាលី បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់កម្មវិធីសុខភាពភ្នែក ដែលយើងបានជួយ និងគាំទ្រទៅលើផែនការការពារពិការភ្នែក ឆ្នាំ២០២០-២០៣០។
ទន្ទឹមគ្នានោះ ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការ SIGHT FOR ALL ដែលបានរួមចំណែកជួយអភិវឌ្ឍន៍សេវាព្យាបាលចក្ខុរោគនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩មក រួមទាំងមន្ទីរពេទ្យកាល់ម៉ែតផងដែរ។
ជាពិសេសអង្គការ Sight For All បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់ជាមួយមន្ទីរពេទ្យកាល់ម៉ែត ក្នុងឆ្នាំ២០២០ ដើម្បីជួយបណ្តុះបណ្ដាលធនធានមនុស្ស និងផ្តល់ជំនួយជាសម្ភារៈចាំបាច់នានា សម្រាប់គាំទ្រដល់សេវាចក្ខុរោគនៅមន្ទីរពេទ្យបន្ថែមទៀត។
ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការ Sight For All នឹងបន្តជួយគាំទ្រ ទាំងការបណ្តុះបណ្តាល និងការផ្ទេរនូវបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ ដល់មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យលំដាប់ចុងក្រោយគេនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការសេវាសុខភាពភ្នែករបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងយុគសម័យឌីជីថលទំនើបនេះ៕