បាល់ទាត់៖ ព្រឹត្តិការណ៍ World Fight Tournaments 2022 នឹងបង្ហាញវត្តមានលើកដំបូងនៅកម្ពុជានាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ខាងមុខក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនឹងមានកីឡាករ-កីឡាការិនីជើងខ្លាំងជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានអ្នកលេងគុនខ្មែរជាច្រើនរូបផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែឧសភានេះ លោក Tony Anh ប្រធាន World Fight និងជាអ្នកគ្រប់គ្រងការប្រកួតនេះបានប្រកាសជាផ្លូវការជុំវិញការរៀបចំព្រឹត្តិការណ៍ World Fight Tournaments 2022 លើកទី១ នៅកម្ពុជា ក្រោមការឧបត្ថម្ភធំរបស់ក្រុមហ៊ុន PTT Cambodia Limited។ លោកថា ព្រឹត្តិការណ៍នេះនឹងរៀបចំចំនួន ១១កម្មវិធីនៅកម្ពុជាចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០២២ ដោយរៀបចំការប្រកួត ២ដងក្នុង ១ខែក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរទៅលើឆាកអន្ដរជាតិ ក៏ដូចជារួមចំណែកផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
ទន្ទឹមជាមួយគ្នាលោក គង់ វិសាល ទីប្រឹក្សាកម្មវិធី World Fight បានបញ្ជាក់ថា កម្មវិធីនេះទទួលបានការគាំទ្រពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយគណៈកម្មការរៀបចំនឹងអញ្ជើញកីឡាករល្បីៗជុំវិញពិភពលោកមកចូលរួមប្រកួតលើសង្វៀន ដែលនឹងរៀបចំក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ដោយឡែកលោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងក្រុមហ៊ុន PTT Cambodia បានសម្ដែងសេចក្ដីរីករាយដែលបានចូលរួមជាមួយព្រឹត្តិការណ៍ World Fight ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីហេដ្ឋារចនាសម្ព័ន្ធនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ផងដែរ។
សូមបញ្ជាក់ថា ក្នុងសន្និសីទស្ដីពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ World Fight Tournaments 2022 គេក៏ឃើញមានការចូលរួមពីសំណាក់កីឡាករគុនខ្មែរ យ៉េន ឌីណា និងកីឡាករ អេ វីរៈខាំឈីតភូថង ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយកាលពីថ្មីៗ រួមទាំងម្ចាស់មេដាយសំរឹទ្ធកីឡាករ អេ អាំម៉ារីនភូថង ចូលរួមផងដែរ។ តាមគម្រោងសម្រាប់កម្មវិធីប្រកួតទី១ ក្នុងចំណោម ១១កម្មវិធីនៃព្រឹត្តិការណ៍ World Fight Tournaments 2022 ដែលនឹងចាប់ផ្ដើមនាថ្ងៃទី០៦ ខែកក្កដាខាងមុខក៏នឹងមានការចូលរួមពីជើងខ្លាំងថៃកីឡាករ Buakaw Banchamek ត្រូវតតាំងជាមួយកីឡាករជើងខ្លាំងបេឡារុស Varats Dzmitry ផងដែរ៕