(ព្រះសីហនុ)៖ នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាង នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាទីកន្លែងដែលរងការកាប់បំផ្លាញនាពេលកន្លងមក។
លោកអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កន្លងមកសង្កេតឃើញមានការកាប់បំផ្លាញព្រៃកោងកាងគួរឲ្យព្រួយបារម្ភ។ លោកបាននិយាយថា ព្រៃកោងកាងមានសារប្រយោជន៍សំខាន់ណាស់ ក្នុងការរួមចំណែកផ្តល់ជាជម្រកសម្រាប់មនុស្ស និងសត្វរស់នៅ និងបានជួយការពារការច្រោះបាក់ដី ការពារទឹកជំនន់ ខ្យល់ព្យុះ ស្រូបជាតិពុល ជួយទ្រទ្រង់បរិស្ថាន ទាក់ទាញបង្កើតជាតំបន់អេកូទេសចរណ៍ និងជាប្រភពនៃចំណូលសេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រកបដោយសក្តានុពល។
លោក គួច ចំរើន គូសបញ្ជាក់ថា «កន្លែងដែលរងការកាប់បំផ្លាញយើងត្រូវដាំឡើងវិញ។ រីឯជនល្មើសកាប់បំផ្លាញកោងកាងយកដីកាន់កាប់ខុសច្បាប់ និងអ្នកជាប់ពាក់ព័ន្ធត្រូវតែចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»។
លោកបានអំពាវនាវ ប្រជាជនកុំបន្តកាប់ រុករានបន្តទៀត។ ការបំផ្លាញព្រៃកោងកាង គឺស្មើនឹងបំផ្លាញអាយុជីវិតខ្លួនឯង។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ត្រូវនាំគ្នាដាំព្រៃកោងកាងឡើងវិញ និងរួមគ្នាការពារ ថែរក្សានូវព្រៃកោងកាងសម្រាប់ជួយដល់ការរស់នៅ ភាពសុខសាន្តនៅក្នុងសហគមនរបស់យើង។ ជនណាកាប់បំផ្លាញនឹងត្រូវផន្ទាទោសតាមផ្លូវច្បាប់។
ទន្ទឹមនេះ អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកតាម្ចាស់ទឹកដីព្រៃប្រឹក្សាថែរក្សាព្រៃកោងកាងនៅទីនេះ ឲ្យជួយមើលរក្សាព្រៃកោងកាងឲ្យនៅគង់វង្សដើម្បីជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប។ ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានដាក់បណ្តាសាអ្នកទន្រ្ទានរាន កាប់ឆ្ការព្រៃកោងកាងនៅទីនេះ សូមឲ្យវិនាសអន្តរាយ រលំរលាយតៃហោង។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរកសិកម្ម បានរៀបចំពិធីដាំកូនកោងកាងចំនួន២,០០០ដើម នៅលើផ្ទៃដីជាង ២ហិកតា នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកនិយាយថា ព្រៃកោងកាងគឺជាកន្លែងពងកូន ដ៏សំខាន់នៃមច្ឆាជាតិ។ ដូច្នេះយើងត្រូវតែការពារឲ្យបានទើបអាចធ្វើអោយជលផលធម្មជាតិកកើតសំបូរបែបទៅបាន សម្រាប់លើកស្ទួយជីវភាពប្រជានេសាទយើងក្នុងតំបន់។ លោកសូមឱ្យរួមថែរក្សាការពារ និងអភិរក្សព្រៃកោងកាងឱ្យបានគង់វង្ស៕