សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភារដ្ឋនិយាយថា កំណើនអ្នកស្លាប់ដោយការបាញ់ប្រហារនៅសាលាបឋមសិក្សារដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានកើនឡើងដល់ ២១នាក់ក្នុងនោះមានកុមារ ១៨នាក់ និងមនុស្សពេញវ័យ ៣នាក់។
អភិបាលរដ្ឋតិចសាស់លោក Greg Abbott និយាយថា ជនសង្ស័យត្រូវបានបាញ់សម្លាប់ជាបុរសវ័យ ១៨ឆ្នាំ ហើយត្រូវបានគេជឿថា ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីឆ្លើយតប។ កុមារ ១៨នាក់ និងគ្រូបង្រៀនត្រូវបានសម្លាប់នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde មានចម្ងាយប្រមាណ ១៣៥គីឡូម៉ែត្រភាគខាងលិចទីក្រុង San Antonio។ លោក Abbott និយាយថា អ្នកបាញ់ប្រហារមានកាំភ្លើងមួយដើមដែលអាចជាកាំភ្លើងវែង។ សមាជិកព្រឹទ្ធសភាលោក Roland Gutierrez និយាយថា មនុស្សបីនាក់បានរងរបួសក្នុងការវាយប្រហារនេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
វាគឺជាការបាញ់ប្រហារដ៏ឃោរឃៅបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារ ២០នាក់ និងមនុស្សពេញវ័យ ៦នាក់នៅសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut ជិត ១០ឆ្នាំមុន ហើយវាបានកើតឡើងត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ពាក់អាវក្រោះការពារខ្លួនបានសម្លាប់អ្នកដើរទិញឥវ៉ាន់ និងបុគ្គលិកជនជាតិស្បែកខ្មៅ ១០នាក់នៅផ្សារទំនើប Buffalo ទីក្រុងញូវយ៉ក ជាអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហាររើសអើងពូជសាសន៍៕