ភ្នំពេញ៖ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជាង៣០ គីឡូក្រាម និងសារធាតុផ្សំ ជាង៥៦គីឡូក្រាម។ ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
ប្រតិបត្តិការនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងព្រះសីហនុ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ទី១-ឈ្មោះ CHO SHIH JIE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។ ទី២-ឈ្មោះ LI ZHI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន។ និងទី ៣-ឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ០៣និង៣០ នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់។ ចំណុចទី១៖ នៅខុនដូបុរីប៉េងហួត(បឹងស្នោ) បន្ទប់លេខB16-16/B2 ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ចំណុចទី២៖ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចំណុចទី៣៖ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕