(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា ចំនួនអ្នកជំងឺថ្មីៗដែលមានរោគសញ្ញាគ្រុនក្ដៅ បានបន្តធ្លាក់ចុះនៅក្រោម ២០០,០០០នាក់សម្រាប់រយៈពេល ២ថ្ងៃជាប់ៗគ្នាមកហើយ ខណៈដែលខ្លួនកំពុងទប់ទល់នឹ ងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ជាលើកដំបូងបំផុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។
ករណីឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងបន្តនៅកូរ៉េខាងជើង បានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង លើបញ្ហាខ្វះខាតវ៉ាក់សាំង ធនធានវេជ្ជសាស្ត្រ ក៏ដូចជាវិបត្តិស្បៀងអាហារថែមទៀតផង នៅក្នុងប្រទេស ដែលមានប្រជាជនជាង ២៥លាននាក់មួយនេះ ដែលនៅតែបដិសេធមិនឆ្លើយតបចំពោះសំណើរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលចង់ជួយ ក្នុងការទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ជាលើកដំបូងបំផុតរបស់ខ្លួន។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA យ៉ាងហោចណាស់ មនុស្សចំនួន ១៦៧,៦៥០នាក់បន្ថែមទៀត បានចេញរោគសញ្ញាគ្រុនក្ដៅ គិតត្រឹមលា្ងចថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដែលនាំឱ្យចំនួនអ្នកមានរោគសញ្ញាគ្រុនក្ដៅ សរុបកើនឡើងដល់ជាង ២.៨១លាននាក់ និងចំនួនអ្នកស្លាប់សរុបក៏បានកើនឡើងដល់ចំនួន ៦៨នាក់ផងដែរ។ ទោះជាយ៉ាងណា KCNA បានអះអាងថា មនុស្សជាង ២.៣៣លាននាក់ ក្នុងចំណោមជាង ២.៨១លាននាក់ដែល ត្រូវបានរាយការណ៍ថា ចេញរោគសញ្ញាគ្រុនក្ដៅ ចាប់តាំងពីចុងខែមេសាកន្លងមកនេះ បានជាសះស្បើយឡើងវិញហើយ។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញ ដោយសារតែគ្មានយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្នាក់ជាតិ ហើយសមត្ថភាពនៃការធ្វើតេស្តមានកំណត់ ដូច្នេះទិន្នន័យដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អាចមានចំនួនមិនជាក់លាក់ និងពិបាកក្នុងការតាមដានទំហំពិតប្រាកដនៃការឆ្លងរីករាលដាលណាស់៕