បាល់ទាត់៖ ក្រុមបាល់ទាត់វៀតណាម និងថៃសុទ្ធតែបានយកឈ្នះគូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅម៉ោងបន្ថែមកាត់សេចក្តី ១៥នាទីពីរដងដូចគ្នា ដែលមានន័យថាក្រុមទាំងពីរនឹងជួបគ្នាដណ្តើមមេដាយមាសជាលើកទី៦ ក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។
វៀតណាម និងម៉ាឡេស៊ីសុទ្ធតែចង់ឱ្យការប្រកួតបញ្ចប់ត្រឹម ៩០នាទីតែមិនដូចបំណងទេ បើទោះជាម្ចាស់ផ្ទះវៀតណាមមានឱកាសជាច្រើនលើម៉ាឡេស៊ីក៏ដោយ ស្របពេលម៉ាឡេស៊ីក៏ពិបាកនៅចំពោះមុខខ្សែការពារវៀតណាមដែរ។ អ្វីត្រូវសំរេចត្រឹមម៉ោងបន្ថែម ១៥នាទីលើកទី២ ពោលគឺនាទីទី១១១ គ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Becamex Binh Doung, Nguyen Tien Linh បានធ្វើឱ្យវៀតណាមយកឈ្នះម៉ាឡេស៊ីយ៉ាងតានតឹង ១-០ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រស៊ីហ្គេមលើកទី៨។ ចំណែកថៃម្សិលមិញនេះដែរបានយកឈ្នះឥណ្ឌូនេស៊ីយ៉ាងតានតឹងផងដែរ ១-០ នៅម៉ោងបន្ថែម ១៥នាទីពីរដង។ ខ្សែបម្រើរបស់ក្លិប Muanthong United, Weerathep Pomphan គឺជាអ្នករកបានគ្រាប់ជ័យជំនះនៅនាទីទី៩៥ នៃម៉ោងបន្ថែម ១៥នាទី ទី១។
ជ័យជំនះនេះធ្វើឱ្យថៃឡើងវគ្គផ្តាច់ព្រ័ត្រកីឡាក្នុងតំបន់នេះជាលើកទី២១ ក្នុងប្រវត្តិសាស្ត្រ។ ថៃ និងវៀតណាមនឹងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសជាលើកទី៦។ ស៊ីហ្គេមដំបូងនៅឆ្នាំ១៩៥៩ ដោយនៅពេលនោះហៅថា Southeast Asian Peninsular Games វៀតណាមខាងត្បូងយកឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ក្រោយមកចាប់ពីឆ្នាំ១៩៧៧ ហៅថា Southeast Asian Games រឺស៊ីហ្គេមថៃជួបវៀតណាមពីរលើកនៅឆ្នាំ១៩៩៥ និង ១៩៩៩ ថៃយកឈ្នះទាំងពីរលើក។ ចាប់ពីឆ្នាំ២០០១ មកស៊ីហ្គេមវិញ្ញាសាបាល់ទាត់ត្រូវកំណត់ក្រុមអាយុក្រោម ២៣ឆ្នាំដោយថៃបន្តយកឈ្នះវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រទាំងពីរលើកទៀត៕