ភ្នំពេញ៖ បើទោះបីបច្ចុប្បន្នលែងមានអ្នកទន្រ្ទានយកដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់ទន្លេសាបធ្វើជាសម្បត្តិឯកជន និងលក់បន្តទៅឈ្មួញនោះ សមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តឃ្លាំមើលជាប់ជាប្រចាំនៅតំបន់ទន្លេសាប។
លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែឧសភានេះ បានប្រាប់BTVឲ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំអន្តរក្រសួង និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត បានដាក់ចេញវិធានការជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ។ ពលរដ្ឋរស់នៅតាមដងទន្លេសាប បានឈប់ទន្រ្ទានយកដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់ទន្លេសាប ហើយសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តឃ្លាំមើល ជាប់ជាប្រចាំនៅតំបន់ទន្លេសាប ដើម្បីបង្ការទុកមុន នៅពេលករណីពលរដ្ឋចូលទៅកាប់ទន្រ្ទានយកដី។
លោក បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងឈ្មួញ នៅពីក្រោយខ្នង ត្រូវបញ្ឈប់ សកម្មភាពទន្រ្ទានព្រៃលិចទឹក ខណៈសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែងនោះទេ។
គិតត្រឹមថ្ងៃទី១០ខែមីនា ឆ្នាំ២០២២ ការបង្រ្កាប ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ក្នុងខេត្តចំនួន៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទទួលបានលទ្ធផលដូចជា៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួនជាង ១ម៉ឺនគ្រួសារ ស្មើជាង៦ម៉ឺនហិកតា និងធ្វើការវាស់វែងជាក់ស្តែងបានចំនួនជិត ៩ពាន់គ្រួសារ ស្មើជាង១ម៉ឺនក្បាលដី និងមានទំហំ ជិត៩ម៉ឺនហិកតា។
ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣៤នាក់ ក្នុងនោះ ៥ នាក់បានដោះលែងវិញ នៅសល់ ២៩ នាក់ និងកប់គ្រាប់ត្នោតបានចំនួនជាង ៣៤ម៉ឺនគ្រាប់, ដើមត្នោត ១៣៩ដើម, ដើមច្រកែង ២០០ដើម,ដើមរាំងជិត២ម៉ឺនដើម និងសកម្មភាពផ្សេងៗមួយចំនួនទៀត៕