(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ដែលជាថ្ងៃប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» បានបង្ហោះសារបង្ហាញពីប្រវត្តិ និងគោលបំណងនៃការប្រារព្ធព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល»។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា «អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល, នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។
ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។
ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា»៕