(កំពង់ចាម)៖ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែ និងអគារសិក្សាមួយខ្នង ក្នុងសាលាបឋមសិក្សាក្សេម ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរដល់ប្រជាពលរដ្ឋជាប្រចាំ ពោលគឺគ្រប់ស្ថានការណ៍ទាំងអស់ ដោយមិនទុកប្រជាពលរដ្ឋចោលនោះឡើយ។
លោក អ៊ុន ចាន់ដា បានគួសបញ្ជាក់ទៀតថា បើទោះបីស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាសកល ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម តែប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំគៀងគរស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសំដៅបង្កើតភាពស៊ាំនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្តបានយកឱកាសនោះ តំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូន សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់វ៉ាក់សាំងស្រោចស្រង់អាយុជីវិតរបស់ប្រជាជន និងការគិតគូរលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈ
ការអនុវត្តគោលនយោបាយគាំពារសង្គម រួមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តបម្រើឱ្យការរីកចម្រើន នៃសង្គមជាតិទាំងមូល។
បន្ថែមពីនេះលោក អ៊ុន ចាន់ដា បានបន្តថា គ្រប់កាលៈទេសៈ សម្តេចតេជោ តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយ ដែលទុកប្រជាពលរដ្ឋចោលនោះឡើយ៕