ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យលោក ហោ គន្ធា ប្រធានសាមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា រួមទាំងសការី និងសិក្ខាកាម មានគ្នា២០នាក់ បានចូលជួបសម្តែងការគួរសមកាលពីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២។
ក្រោយពីសិក្ខាកាមចំនួន២៨៧នាក់បានបញ្ចប់វគ្គសិក្សាបណ្តុះបណ្តាល ក្រមសីលធម៌ និង វិជ្ជាជីវៈ អ្នកសារព័ត៌មាន រយៈពេល៣ថ្ងៃ នឹងចុះអនុវត្តសិក្សាជាក់ស្តែង១៤ថ្ងៃជុំវិញបឹងទន្លេសាបចំនួន៥ខេត្ត លោក ហោ គន្ធា បានស្នើសុំឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម ដើម្បីទទួលបាន បទពិសោធន៍ និង ចំណេះដឹងថ្មីៗបន្ថែមជូនដល់សិក្ខាកាម។
ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្តល់នូវ បទពិសោធន៍ នឹងចែករំលែកចំណេះដឹងដល់ សិក្ខាកាមទាំង២០នាក់ ឯកឧត្ដម បានលើកទឹកចិត្តដល់ សិក្ខាកាម និង អ្នកសារព័ត៌មាន ទាំងអស់ត្រូវខិតខំរៀនសូត្របន្ថែមនូវអាជីពដែលខ្លួនស្រឡាញ់ ហើយត្រូវដើរឲ្យទាន់សម័យឌីជីធល ត្រូវចេះស្វែងរកនឹងប្រមូលប្រភពព័ត៌មានឲ្យគ្រុបជ្រុងជ្រោយមុននឹងចេញផ្សាយ។
ក្នុងឱកាសសម្ដែងការគួរសម ឯកឧត្តមរដ្ឋមន្រ្ដី បានលេីកឡេីងថាអ្នកសារព័ត៌មាន មានតួរនាទីយ៉ាងសំខាន់ ក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផលនានាដែលប្រមុខរាជរដ្ឋាភិបាលបាននឹងកំពង់ អភិវឌ្ឍន៍ឥតឈប់ឈរ នេះហើយគឺជាមុខមាត់ដែលអាចធ្វើឲ្យប្រទេសកម្ពុជាយើងមានឈ្មោះឈរលើឆាកអន្តរជាតិបាន។