កូរ៉េខាងជើង៖ កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីចំនួន ៣គ្រាប់ចូលសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការសាកល្បងជាបន្តបន្ទាប់ចុងក្រោយបំផុតនៃការសំញែងអាវុធនៅឆ្នាំនេះ ដែលបានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានបញ្ជាក់ពីករណីឆ្លងលើកដំបូងនៃវីរុសកូរ៉ូណា ចាប់តាំងពីជំងឺរាតត្បាតសកលនេះបានផ្ទុះឡើង។
ការបាញ់នេះអាចបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើង ដើម្បីបន្តដាក់សម្ពាធជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រីកឃ្លាំងអាវុធរបស់ខ្លួន បើទោះបីជាមានការផ្ទុះឡើងនៃវីរុស ដើម្បីប្រមូលផ្តុំការគាំទ្រនៅពីក្រោយមេដឹកនាំ Kim Jong Un និងរក្សាសម្ពាធលើគូប្រជែងរបស់ខ្លួន ស្របពេលមានការទូតនុយក្លេអ៊ែរបានស្ងប់ស្ងាត់ជាយូរមកហើយ។ កូរ៉េខាងជើងបាននិយាយថា មនុស្ស ៦នាក់បានស្លាប់ ស្របពេលមានការផ្ទុះរាលដាលនៃជំងឺគ្រុនក្ដៅ មួយថ្ងៃបន្ទាប់ពីទទួលស្គាល់ថាមានការផ្ទុះរាលដាលនៃវីរុស COVID-19។
កូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សចំនួន ១៨៧,០០០នាក់កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនិងព្យាបាលអាការៈក្ដៅខ្លួន។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើងបាននិយាយថា ជំងឺគ្រុនក្ដៅដែលមិនទាន់អាចកំណត់ពីមូលហេតុដឹងនៅឡើយ បានឆ្លងរាលដាលទូទាំងប្រទេសចាប់ពីចុងខែមេសាមក។ ប្រភពដដែលនេះបានបង្ហាញថា មនុស្ស ៦នាក់បានស្លាប់ ម្នាក់ក្នុងចំណោមនោះត្រូវបានធ្វើតេស្តវិជ្ជមានវីរុស COVID-19 សាខាវីរុសបម្លែងខ្លួនថ្មី Omicron ប្រភេទ BA.2៕