(កែប)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាធិបតីភាព ក្នុងកម្មវិធីសម្ពោធផ្លូវបេតុងចំនួន១ខ្សែ ប្រវែង២,៧០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងចំនួន០១ ខ្សែ ប្រវែង២,៧០០ម៉ែត្រ ជាមួយនឹងការប្រសិទ្ធនាម «ផ្លូវអំពេងសន្តិភាព» ព្រមទាំងសំណង់សិល្បការ្យមួយចំនួន ដែលជាផ្នែកមួយនៃការអភិវឌ្ឍមូលដ្ឋានក្នុងគម្រោងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកែប ជាប្រយោជន៍បម្រើឲ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
បើតាមលោក ហ៊ុន ម៉ាណែត ផ្លូវមួយខ្សែនេះ ដែលកន្លងមកជួបការលំបាកដោយសារស្ថានភាពផ្លូវមានលក្ខណៈជាផ្លូវរទេះដីក្រហមតូចចង្អៀត និងតែងរងការខូចខាតក្នុងរដូវវស្សា ប៉ុន្តែឥឡូវត្រូវបានពង្រីកទៅជាផ្លូវបេតុងមានទំហំធំសម្រាប់ម៉ូតូឡានតូចធំ និងប្រកបដោយគុណភាពរឹងមាំយូរអង្វែង ស្របទៅតាមតម្រូវការដែលចេះតែកើនឡើងរបស់ប្រជាជន និងដំណើរវិវឌ្ឍទៅមុខរបស់ប្រទេសជាតិ។
លោកបន្ដថា ក្រៅពីការប្រើប្រាស់ថវិការដ្ឋ សមិទ្ធផលនេះអាចលេចចេញជារូបរាងឡើង ក៏ដោយសារមានការចូលរួមចំណែកផងដែររបស់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តបរិច្ចាគដីដើម្បីពង្រីកផ្លូវឲ្យបានធំទូលាយ។ សមិទ្ធផលរួមគ្នានេះ គឺជាអ្វីដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់ឃើញកើតមានឡើងជាបន្តបន្ទាប់គ្រប់ជំនាន់តទៅ ពីព្រោះក្រៅពីការឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើនរបស់កម្ពុជា និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺជាការឆ្លុះបញ្ចាំងផងដែរអំពីកម្លាំងមហាសាមគ្គីជាតិខ្មែរ ប្រកបដោយភាពម្ចាស់ការ ស័ក្តិសមនឹងពាក្យថា «ខ្មែរជួយខ្មែរ ខ្មែររីកចម្រើន»។
លោកអះអាងទៀតថា ពិតណាស់ ផ្លូវបេតុងមួយនេះ មិនមែនជាសមិទ្ធផលទោលតែឯកឯង ឬដែលធំជាងគេនោះទេ ប៉ុន្តែពិតណាស់ វាជានិមិត្តរូបតំណាងឲ្យដំណើរវិវត្តន៍ដ៏វែងឆ្ងាយរបស់ប្រទេសជាតិយើងទាំងមូល។ ចំពោះអ្នកទូទៅ យើងអាចមើលឃើញត្រឹមតែជាផ្លូវបេតុងធម្មតា ប៉ុន្តែសម្រាប់អ្នកមូលដ្ឋានដែលធ្លាប់ជួបការលំបាកក្នុងការធ្វើទៅដំណើរទៅមកនៅលើផ្លូវនេះផ្ទាល់ ទើបយល់អំពីតម្លៃសារៈប្រយោជន៍ពិតប្រាកដ ដោយធ្លាប់ទន្ទឹងចង់បានជាយូរមកហើយ។
ដូច្នេះនៅពេលនេះម៉ោងនេះ សូមចូលរួមអបអរសាទរសមិទ្ធផលរួមរបស់ជាតិទាំងអស់មិនថាតូចឬធំ។ ពិតណាស់ យើងមិនគួររស់នៅក្នុងអតីតកាលទេ ប៉ុន្តែយើងចាំបាច់ត្រូវក្រឡេកមើល និងប្រៀបធៀបទៅអតីតកាលដើម្បីឆ្លុះបញ្ចាំងប្រកបដោយហេតុផលត្រឹមត្រូវអំពីបច្ចុប្បន្នកាល ដែលនេះគឺជាអភិក្រមចាំបាច់បំផុតដើម្បីសម្លឹង និងដើរទៅដល់អនាគតដ៏រុងរឿងមួយដែលយើងទាំងអស់គ្នាចង់បាន។
លោកគូសបញ្ជាក់ទៀតថា មកដល់ពេលនេះ ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនៈ ដោយទ្បែកហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ដោយរដ្ឋបាលខេត្តបានខិតខំស្តារកសាង និងជួសជុលទ្បើងវិញ ដោយមានទាំងផ្លូវអ៊ុតកៅស៊ូ AC, ផ្លូវបេតុងអាមេ, ផ្លូវកៅស៊ូ DBST, ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ, ការពង្រីកឆ្នេរ និងការបង្កើតកំពង់ផែ, ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង, អាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់, ឡដុតសម្រាមវេជ្ជសាស្ត្រ ។ល។
ស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីប្រែក្លាយខេត្តកែបទៅជាតំបន់ទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់ នាពេលអនាគតស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស័ក្តិសមជាខេត្តតារារះនាទិសនិរតី ហើយដែលកន្លងមកនេះ ខេត្តក៏បានទទួលជ័យលាភីនានាទាំងថ្នាក់ជាតិ និងអន្តរជាតិរួចមកហើយ។ ទាំងនេះ ក៏ដោយសារខេត្តកែប មានថ្នាក់ដឹកនាំល្អ និងមានការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋពីសំណាក់មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់នៅក្នុងការជ្រើសរើសអ្នកដឹកនាំមូលដ្ឋានបានត្រឹមត្រូវក្នុងរយៈកាលកន្លងមកនេះ។
ជាមួយនឹងសក្តានុពលសំខាន់ជាច្រើនៗ ខេត្តកែបនឹងបន្តរីកចម្រើនទៅមុខទៀតទាំងកំណើនប្រជាជនដោយនឹងមានអ្នកចំណូលស្រុកថ្មីផងដែរ និងផ្នែកហេដ្ឋារចសម្ព័ន្ធរូបវ័ន្ត ជាអាទិ៍ កំពង់ផែដែលកំពុងសាងសង់ ជាដើម។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ទាំងនេះ ប្រាកដជាទាមទារឲ្យមានការព្យាករណ៍ច្បាស់លាស់ និងរៀបចំផែនការបម្រុងទុកជាមុន ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឲ្យបានរឹងមាំតទៅ ដើម្បីគាំទ្រនិរន្តរភាពនៃដំណើរឆ្ពោះរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសអ្នកដឹកនាំឲ្យបានត្រឹមត្រូវ ដូចដែលបានធ្វើកន្លងមកហើយ និងការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ ដែលក្នុងគ្រប់ដំណាក់កាលទាំងអស់ តែងបានយកជីវិតជាដើមទុនក្នុងបុព្វហេតុសង្គ្រោះ ការពារ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់បំផុត៕