ស៊ីហ្គេម៖ ប្រតិភូ និងអត្តពលិកកីឡាកម្ពុជាចំនួន ១០ប្រភេទកីឡាទៀតហើយបានចេញដំណើរទៅទីក្រុងហាណូយនៅព្រឹកថ្ងៃទី១២ ខែឧសភានេះដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ស្របពេលព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដែលពន្យារពេលមកពីចុងឆ្នាំ២០២១ នេះនឹងប្រារព្ធពិធីបើកការប្រកួតនាល្ងាចនេះផងដែរ។
ចំពោះប្រតិភូ និងអត្តពលិកកម្ពុជាដែលចាកចេញពីមាតុភូមិថ្ងៃនេះ រួមមានកីឡាបាល់ទះឆ្នេរខ្សាច់ អត្តពលកម្ម ហែលទឹក កីឡាអុកចិន ទ្រីយ៉ាត្លុង កង់ភ្នំ កីឡារាំ ប៊ីយ៉ា គុនដាវ និងកីឡាប្រដាល់សកលដែលមានសមាជិកសរុបចំនួន ៨៥នាក់។ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មានអំពីបេសកកម្មនេះថា ឆ្នាំនេះសហព័ន្ធខ្លួនបានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមប្រកួតកីឡាស៊ីហ្គេមច្រើនជាងមុន រួមទាំងមន្ដ្រីបច្ចេកទេសក៏ដូចជាគ្រូបង្វឹកផងដែរដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។
គួរដឹងថា មកទល់ពេលនេះ ប្រតិភូ និងអត្តពលិកកីឡាកម្ពុជាភាគច្រើនបានធ្វើដំណើរទៅទីក្រុងហាណូយហើយ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នឹងចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភាខាងមុខ ដោយការធ្វើដំណើរត្រូវបានរៀបចំនូវយន្ដហោះពិសេស ដើម្បីដឹកជញ្ជូនប្រតិភូកីឡាកម្ពុជាទាំងអស់ដោយឥតគិតថ្លៃ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ប៉ុន្ដែមុនពិធីបើកការប្រកួតផ្លូវការល្ងាចនេះ កម្ពុជាក៏មានកីឡាមួយចំនួនបានធ្វើការប្រកួតជាបណ្ដើរៗផងដែរ ជាក់ស្ដែងកីឡាឃីកបុកស៊ីងដែលមានបេក្ខភាពរហូតដល់ ៤រូបបានឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយគ្រោងប្រកួតកាត់សេចក្ដីរកបេក្ខភាពមេដាយមាសនាថ្ងៃទី១៣ ខែឧសភាស្អែករួមមានកីឡាករ ទូច រ៉ាឆាន់, លន់ បញ្ញា, កាន់ ម៉េងហុង និង ឈឿង ល្វៃ៕