ឃីកបុកស៊ីង៖ ក្រុមអត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជាធ្វើបានយ៉ាងល្អក្នុងថ្ងៃដំបូង នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយកាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ដោយក្នុងចំណោមកីឡាករ-កីឡាការិនី ៤រូបមានកីឡាករ ៣រូបបានទម្លាក់គូប្រកួតឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានកក់មេដាយសំរឹទ្ធក្នុងដៃ ពោលគឺចាញ់តែម្នាក់ប៉ុណ្ណោះ។
ចំពោះលទ្ធផលការប្រកួតរបស់ក្រុមកីឡាឃីកបុកស៊ីង ដែលជាប្រភេទកីឡាដំបូងគេរបស់កម្ពុជាបានបើកយុទ្ធនាការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នេះរួមមាន៖ កីឡាករ ទូច រ៉ាឆាន់ បានយកឈ្នះកីឡាករហ្វីលីពីន Esteban Jomar Balangui ដោយពិន្ទុបន្ទាប់ពីឆ្លងកាត់ការប្រកួត ៣ទឹកពេញ ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ កីឡាករ កាន់ ម៉េងហុង បានយកឈ្នះកីឡាករឡាវ Khammaty Houmphanh ទាំង ៣ទឹកដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។ ម៉េងហុង ធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះពិសេសទឹកទី២ និងទឹកទី៣ ដែលបានវាយឈ្នះពិន្ទុដាច់លើកីឡាករឡាវ។ អ្វីដែលពិសេសគឺកីឡាករ សាន រ៉ាគីម បានផ្ដួលកីឡាករម៉ាឡេស៊ី Awane Handra Awang Muhammad Hazmie ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី២ ដែលនាំឲ្យ រ៉ាគីម បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន៉ ៦៣,៥គីឡូក្រាម។ រីឯកីឡាការិនី នៅ ស្រីពៅ បានរបូតឱកាសឡើងវគ្គបន្ដ បន្ទាប់ពីបរាជ័យក្រោមថ្វីដៃម្ចាស់ផ្ទះវៀតណាមកីឡាការិនី Bui Linh ដោយពិន្ទុ។
តាមរយៈលទ្ធផលនេះ គេឃើញកីឡាករឃីកបុកស៊ីងកម្ពុជា ៣រូបបានកក់មេដាយសំរឹទ្ធរួមមានកីឡាករ ទូច រ៉ាឆាន់, កាន់ ម៉េងហុង និង សាន រ៉ាគីម មុនឈានដល់ការប្រកួតបន្ទាប់ ដែលពួកគេត្រូវការជ័យជម្នះរៀងៗខ្លួនដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ និងស្វែងរកមេដាយមាសជូនជាតិ។ ដោយឡែកកីឡាករម្នាក់ទៀតគឺកីឡាករ លន់ បញ្ញា ក៏បានកក់មេដាយសំរឹទ្ធផងដែរ បន្ទាប់ពីចាប់ឆ្នោតឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ អ្នកលេងទម្ងន់ ៦៧គីឡូក្រាមរូបនេះក៏មិនខុសពីមិត្តរួមជាតិទាំង ៣រូបដែរដោយគេត្រូវការឈ្នះ ១ប្រកួតទៀតប៉ុណ្ណោះដើម្បីមានឱកាសដណ្ដើមមេដាយមាស។ ចំណែកកីឡាករ-កីឡាការិនីឃីកបុកស៊ីងកម្ពុជា ៤រូបទៀតដែលមិនទាន់បានប្រកួតជុំដំបូងកាលពីម្សិលមិញ នឹងត្រូវប្រកួតល្ងាចនេះរួមមានកីឡាករ ខាំ ខ្លានាង ជួបកីឡាករម៉ាឡេស៊ី Masdor Mohammad Rifdean, កីឡាការិនី ទូច ចាន់វត្តី ជួបកីឡាការិនីថៃ Namrak Surachada, កីឡាករ ឈឿង ល្វៃ ជួបកីឡាករសិង្ហបុរី Nazri Bin Sutari និងកីឡាករ ឈុត វ៉ាន់ថង ជួបកីឡាករម្ចាស់ផ្ទះវៀតណាម Nguyen Quang Huy៕