អ៊ុយក្រែន៖ ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 បានងាកចេញពីការពឹងផ្អែកលើថាមពលរុស្ស៊ី ខណៈបណ្ដាមេដឹកនាំទាំងនេះបានប្រកាសដាក់ទណ្ឌកម្មថ្មី ជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មក្រោមការសម្របសម្រួលមិនធ្លាប់មាន ដើម្បីបង្កើនសម្ពាធកាន់តែខ្លាំងថែមទៀតលើសេដ្ឋកិច្ចរបស់រុស្ស៊ី ដោយសារតែការវាយលុករបស់ទីក្រុង Moscow ចូលប្រទេសអ៊ុយក្រែន។
ប្រទេសសមាជិក G7 ដែលបានបង្រួបបង្រួមប្រទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតទាំង៧ នៅលើពិភពលោករួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានបង្កើនយុទ្ធនាការមួយនេះប្រឆាំងនឹងឥស្សរជនរបស់ប្រទេសរុស្ស៊ី ដែលបានជួយគាំទ្រលោកប្រធានាធិបតី Vladimir Putin ដែលក្រុមនេះបានចោទប្រកាន់ថា នាំមកនូវភាពអាម៉ាស់ដល់ការលះបង់ជាប្រវត្តិសាស្ត្ររបស់រុស្ស៊ី ប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G7 បាននិយាយថា យើងនឹងធានាថា យើងនឹងធ្វើទាន់ពេលវេលា និងតាមដំណាក់កាល ហើយតាមមធ្យោបាយនានាដែលផ្ដល់ពេលវេលាសម្រាប់ពិភពលោក ដើម្បីប្រាកដថាទទួលបានជម្រើសសម្រាប់ការផ្គត់ផ្គង់ថាមពលពីប្រទេសផ្សេងទៀត។
សេចក្ដីថ្លែងការណ៍រួមដដែលនិយាយថា យើងនឹងបន្តពង្រឹងយុទ្ធនាការរបស់យើងប្រឆាំងក្រុមឥស្សរជនហិរញ្ញវត្ថុ និងសមាជិកគ្រួសារដែលបានគាំទ្រលោក Putin ក្នុងសង្គ្រាមនេះ និងបំផ្លាញប្រភពប្រាក់ចំណូលនានារបស់ជនជាតិរុស្ស៊ីទាំងនោះ។ សេតវិមាននិយាយថា ទណ្ឌកម្មថ្មីនេះនឹងប៉ះពាល់ខ្លាំងដល់សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់លោក Putin និងកាត់ផ្ដាច់ប្រាក់ចំណូលដែលលោកត្រូវការចាំបាច់ សម្រាប់ការបម្រើឲ្យសកម្មភាពសង្គ្រាមរបស់លោក៕