បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជាបានចាប់ផ្ដើមសកម្មភាពហ្វឹកហាត់របស់ខ្លួនហើយកាលពីថ្ងៃទី០៥ ខែឧសភាម្សិលមិញ បន្ទាប់ពីធ្វើដំណើរទៅវៀតណាម ១ថ្ងៃដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាពេលឆាប់ៗខាងមុខ។
ថ្ងៃដំបូងនៃការប្រមូលផ្ដុំហ្វឹកហាត់លើទឹកដីវៀតណាមនេះ គឺបន្ដដឹកនាំផ្ទាល់ដោយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាជាមួយកីឡាករ ២០នាក់ដែលត្រូវបានប្រកាសមុនចាកចេញពីមាតុភូមិ ១ថ្ងៃ។ តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមជម្រើសជាតិ U23 កម្ពុជាគឺស្នាក់នៅសណ្ឋាគារ Nam Cuong នៃក្រុង Nam Dinh ដែលនៅជិតនឹងកន្លែងហ្វឹកហាត់ក៏ដូចជាកន្លែងប្រកួតផ្លូវការផងដែរ។
សូមបញ្ជាក់ថា ក្រុមគោព្រៃជំទង់កម្ពុជាគឺស្ថិតក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ខណៈដែលប្រកួតដំបូងនឹងត្រូវជួបឡាវនាថ្ងៃទី០៩ ខែឧសភា។ ដំណាលគ្នាផងដែរ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាក៏បានចាប់ផ្ដើមហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតលើកដំបូងរបស់ខ្លួនដែលគ្រោងជួបហ្វីលីពីននាថ្ងៃទី០៩ ខែឧសភា មុនបន្ដជួបក្រុមម្ចាស់ផ្ទះវៀតណាមនាថ្ងៃទី១៤ ខែឧសភាក្នុងពូល A ផងដែរ៕