កោះកុង៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សម្រេចផ្តល់នាវាល្បាតសមុទ្រចំនួន ៧គ្រឿងជូនដល់ខណ្ឌរដ្ឋបាលផលតំបន់ឆ្នេរទាំង៤ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការអនុវត្តទប់ស្កាត់ និងបង្រ្កាបល្មើសនេសាទខុសច្បាប់។
ការផ្តល់សម្ភារៈជានាវានេះ ធ្វើឡើងក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបនៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា នាវាល្បាតចំនួន៧គ្រឿងថ្មីបន្ថែមទៀតនេះ បំពាក់ផ្តល់ជូនអធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ នៅក្នុងខេត្តកោះកុង ព្រះសីហនុ កែប និងកំពត ដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្នុងសូចនាករដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្ដថា វាក៏ជាការអនុវត្តផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI) និងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា (NPOA-IUU)។
ឯកឧត្តមរដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលខេត្តកោះកុងសម្រេចបានប្រកបដោយមោតនភាព ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗប្រកបដោយភាពទាក់ទាញយ៉ាងរស់រវើក ដែលក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ ឯកឧត្តម ក៏រំពឹងថា មន្រ្តីជំនាញថ្នាក់ក្រោម នឹងយកសម្ភារៈនាវាខាងលើនេះ ទៅប្រើប្រាស់អោយត្រូវគោលដៅក្នុងការបង្រ្កាបបទល្មើសនេសាទ និងត្រូវធ្វើការថែរក្សារនាវាអោយបានល្អ និងមានប្រសិទ្ធិភាពខ្ពស់។
គួរកត់សម្គាល់ថា សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលបានរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ។
ក្នុងរយៈពេល២ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារៈការិយាល័យ និងសម្ភារៈ សម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕