បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចប្រកាសឈ្មោះកីឡាការិនី ២០នាក់ជាផ្លូវការដើម្បីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ នៅប្រទេសវៀតណាម។
ក្រោយប្រកាសបញ្ជីឈ្មោះនេះ កីឡាការិនីទាំង ២០រូបនឹងបន្តហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី រហូតដល់ថ្ងៃធ្វើដំណើរដែលអាចនឹងចាកចេញជាមួយក្រុមបុរសនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ សូមបញ្ជាក់ថា កីឡាការិនីបាល់ទាត់នារីកម្ពុជាដែលនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះវៀតណាម និងហ្វីលីពីន ខណៈឥណ្ឌូនេស៊ីដែលដើមឡើយត្រូវចូលរួមប្រកួតដែរនោះ បានប្រកាសដកខ្លួនចេញពីកម្មវិធីវិញ។ ការប្រកួតបើកឆាករបស់ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាគឺនៅថ្ងៃទី០៩ ខែឧសភា ដោយនឹងត្រូវជួបហ្វីលីពីន និងប្រកួតចុងក្រោយជួបម្ចាស់ផ្ទះវៀតណាមនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៕