ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែមេសានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានទទួលជួបនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន និងទស្សនាពីវឌ្ឍនភាព ការសាងសង់សាលាហ្វឹកហ្វឺកកម្លាំងថែរក្សាសន្តិភាពកម្ពុជា ACOបន្ថែមនៅខេត្តកំពង់ស្ពឺ ដើម្បីត្រៀមធ្វើលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាពត្រីភាគីនៅឆ្នាំ២០២៤ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា នៅឆ្នាំ២០២៤ កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពត្រីភាគីកម្ពុជា អង្គការសហប្រជាជាតិ UN និងជប៉ុន ដែលមាននិងថ្នាក់ដឹកនាំ សិក្ខាកាមកងរក្សាសន្តិភាពមកពីបណ្តាប្រទេសតំបន់អាស៊ាន មកពីតំបន់នានាទៀតអញ្ជើញចូលរួម ខណៈ គម្រោងធ្វើលំហាត់ហ្វឺកហ្វឺនត្រីភាគីនេះ ដំបូងឡើយគឺបានផ្តួចផ្តើមរៀបចំដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ីនស៊ូ អាបេ ។
ជាការប្រុងប្រៀបត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនកងរក្សាសន្តិភាពត្រីភាគីកម្ពុជា UN និងជប៉ុន ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៤នោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា នៅពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយមកកម្ពុជា ដើម្បីរៀបចំដំណើរការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ មានដូចជាផ្លូវ របង សង់សំណង់អគារសាលប្រជុំ នៅក្នុងសាលាហ្វឹកហ្វឺនពហុសាសន៍ ACO គឺបាននិងកំពុងដំណើរការសាងសង់ជាបណ្តើរៗហើយ។
ឯកឧត្តម សែម សុវណ្ណនី ថ្លែងថា នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ ក្រៅពីអញ្ជើញមកពិនិត្យអំពីវឌ្ឍនៈភាព ទីតាំងត្រៀមធ្វើលំហាត់ហ្វឹកហ្វឺនត្រីភាគីនេះ ឯកឧត្តមយ៉ាម៉ាសាគិ កូជិ នឹងពិនិត្យផ្តល់ជំនួយការហ្វឹកហ្វឺនទ័ពមួកខៀវកម្ពុជាបន្ថែលទៀតលើជំនាញវិស្វកម្ម និងអបអរសាទរ ខួបលើកទី៣០ដែលប្រទេសជប៉ុនបានបញ្ជូនកងទ័ពមួកខៀវជប៉ុនលើកដំបូងមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ១៩៩២ នៅក្នុងបេសកកម្មអ៊ុនតាក់។
នៅក្នុងជំនួបពិភាក្សាការងារ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ ថ្លែងថា រដ្ឋាភិបាលជប៉ុន នឹងបង្កើនការផ្តល់ជំនួយមកកម្ពុជា លើផ្នែកហ្វឹកហ្វឺនកងម្លាំងរក្សាសន្តិភាពកម្ពុជា ជំនាញវិស្វកម្ម ដើម្បីបញ្ជូនចូលរួបប្រតិបត្តិការថែរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសផ្សេងៗ ខណៈដែលបច្ចុប្បន្ន ភាគីជប៉ុនបាន និងកំពុងរៀបចំឯកសាការបណ្តុះបណ្តាលលើជំនាញវិស្វកម្មជាច្រើន ដើម្បីត្រៀមជួយបណ្តុះបណ្តាលជំនាញវិស្វកម្មជូនទ័ពមួកខៀវកម្ពុជាផ្សេងៗទៀត ។
នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចប្រតិភូកងកម្លាំងស្វ័យការពារជប៉ុនមកកម្ពុជាមកសាលាហ្វឹកហ្វឺនពហុសាសន៍ ACO នាពេលនេះ នឹងជម្រុញប្រទេសយើងទាំងពីរកម្ពុជា មានចំណងកិច្ចសហប្រតិបត្តិការផ្នែកយោធាកាន់តែរឹងម៉ាំថែមទៀត៕