(ភ្នំពេញ)៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរចំពោះជនពិការមួយចំនួន ដែលមានសមត្ថភាពខ្ពស់ ដែលសូម្បីតែមនុស្សមានកាយសម្បទាពេញលេញ ក៏ពុំមានសមត្ថភាពស្មើពួកគាត់ផងដែរ។
ថ្លែងនៅក្នុងកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ លោករដ្ឋមន្រ្តីបានលើកឡើងដូច្នេះថា៖ «ជនពិការខ្លះក៏មានសមត្ថភាពខ្ពស់ ដែលសូម្បីតែយើង ដែលមានកាយសម្បទាពេញលេញ ក៏ពុំមានសមត្ថភាពស្មើដែរ»។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ជនពិការ និងជនមានពិការភាព មិនមែនជាបន្ទុករបស់សង្គមជាតិនោះទេ ពីព្រោះពួកគាត់ក៏មានលទ្ធភាព ក្នុងការរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង និងមានសមត្ថភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ គឺជួយគាំទ្រ និងការពារពួកគាត់ដើម្បីឱ្យពួកគាត់ទទួលបាននូវសិទ្ធិ សេរីភាពស្របច្បាប់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យក្រសួងព័ត៌មានរៀបចំកម្មវីធីប្រឡងសំនៀងជនពិការនេះឡើង និងអរគុណក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការរៀបចំ ជាពិសេសអរគុណ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអនុញ្ញាតឱ្យអង្គពិធីនេះ បានរៀបចំប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខ៕