បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី១៧ របស់ខ្លួនជួយឱ្យក្រុមបិសាចក្រហម Manchester United ទទួលបានមួយពិន្ទុនៅពេលទទួលភ្ញៀវតោខៀវ Chelsea នៅ Old Trafford។
អ្នកចាំទីអេស្ប៉ាញ David de Gea បានជួយសង្គ្រោះបាល់សំខាន់ៗជាច្រើនពីឱកាសរបស់ Chelsea ដែលធ្វើឱ្យក្រុមរបស់លោក Thomas Tuchel ត្រូវរង់ចាំដល់នាទីទី៦០ ទើបរកគ្រាប់នាំមុខបានសំរេចដោយគ្រាប់បាល់របស់ Marcos Alonso។ យ៉ាងណាក្តីត្រកអរបានតែ ២នាទី Cristiano Ronaldo ក៏ស៊ុតតាមស្មើវិញឱ្យ Manchester United នៅនាទីទី៦២។ នេះជាគ្រាប់ទី១៧ ហើយរបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះដែលធ្វើឱ្យគេឡើងមកឈរលេខ២ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងនៅ Premier League រដូវកាលនេះស្មើគ្នាជាមួយ Heung-min Son ខណៈ Mohamed Salah ឈរលើគេមាន ២២គ្រាប់។ លទ្ធផលនេះ Manchester United បន្តឈរលេខ ៦ មាន ៥៥ពិន្ទុពីការប្រកួត ៣៥លើកខណៈក្តីសង្ឃឹមប្រជែងកៅអី Top4 នៅស្តួចស្តើង៕