ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យគ្រប់ភាគីទាំងអស់ ត្រូវខិតខំតស៊ូប្ដូរផ្ដាច់ ធ្វើយ៉ាងណាឲ្យដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ ប្រព្រឹត្តិទៅដោយរលូន គ្មានការគំរាមកំហែង និងតម្លាភាពជាដើម ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះការបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សភាពការទូទៅគឺមានលក្ខណៈល្អប្រសើរ ហើយមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិសុខ ត្រូវបានរៀបចំដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុសត្រូវ ពីគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ។
សម្ដេច បានបន្តថា ប៉ុន្តែកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូ ប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុករបស់គណបក្សនយោបាយដែលបានចូលរួម ហើយក៏ជាដំណាក់កាល ដែលងាយនឹងកើតឡើង នូវទំនាស់ ឬបទល្មើសផ្សេងៗ អាចបង្កជាឧបសគ្គរារាំង ឬបន្ទុចបង្អាក់ដល់កិច្ចដំណើរការបោះឆ្នោតទៀតផង ។
សម្ដេចក្រឡាហោម សង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់នូវសកម្មភាពបន្ទុចបង្អាកការបោះឆ្នោត សូមប្រគល់តួនាទីដល់គណៈឞញ្ជាការឯកភាព រដ្ឋបាលរាជធានីខេត្ត ទទួលខុសត្រូវដឹកនាំដោយផ្ទាល់ ក្នុងកិច្ចការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខសម្រាប់ការបោះឆ្នោត ពិសេសធានាឲ្យកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ប្រព្រឹត្តិទៅដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងប្រកបដោយតម្លាភាព ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារមួយ ចំនួន មានត្រូវពង្រឹងយន្តការព័ត៌មាន, គ្រប់ផែនការទំនាស់ផ្សេងៗកើតឡើងក្នុងមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី មិនត្រូវទុកក្លាយជាទំនាស់រ៉ាំរ៉ៃ អាចបង្កឲ្យមានចលាចលសង្គម និងក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយ ត្រូវលើកកម្ពស់តួនាទីដឹកនាំ ដោយត្រូវចាត់វិធានការតាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងស្របតាមច្បាប់ ដើម្បីបង្ការហេតុការគ្រោះថ្នាក់នានា ក៏ដូចជាបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាល់ហេតុការណ៍គ្រោះថ្នាក់ ឬបទល្មើសដែលបានកើតឡើង ត្រូវខិតខំដោះស្រាយ តាមស្វែងរកជនដែលបង្ក និងស្រាវជ្រាវតាមចាប់ខ្លួនជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដើម្បីជៀសវាងការឆ្លៀតឱកាសយកហេតុការណ៍គ្រោះថ្នាក់ និងបទល្មើសនានានោះ ទៅបំភ្លៃរឿងនយោបាយ ៕