ភ្នំពេញ ៖ ឯកឧត្តម Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជា បានសម្តែងនូវក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាចំពោះវិបត្តិមីយ៉ាន់ម៉ា នាពេលខាងមុខ។ នេះបើតាមសេចក្ដីប្រ កាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី លទ្ធផលនៃជំនួបរវាងឯកឧ ត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីតាលី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងគំ និតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងការខិត ខំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីផ្ទាល់ ក្នុងនាមជាប្រេសិតពិសេស ក្នុងការរកដំណោះស្រាយចំពោះវិបត្តិចាក់ស្រេះនៅមីយ៉ាន់ម៉ា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តោតការយកចិត្តទុកដាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើបញ្ហាចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកម្ពុជាផងដែរ ដែលបានគាំទ្រអ៊ីតាលីជាដៃគូសន្ទនារបស់អាស៊ាន។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា និងបានថ្លែងអំណរកម្ពុជាដែលបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់ជនជាតិ អ៊ីតាលី ដែ លស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយនិងការផ្តល់នូវកិច្ចសហការដ៏ល្អរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះឯកឧត្តមក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
សម្រាប់កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិនានា ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្ត មឧបនាយករដ្ឋមន្រ្តី អំពីការដាក់បេក្ខភាពអ៊ីតាលីជាប្រទេសរៀបចំ World Expo 2030 ព្រមទាំងបានស្នើសុំការគាំទ្រពីកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះកម្ពុជាផងដែរ ដែ លបានគាំទ្របេក្ខភាពរបស់អ៊ីតាលីនៅក្នុងស្ថាប័នជំនាញផ្សេងៗរបស់អង្គការសហប្រជាជាតិ។
ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងយូរលង់រវាងកម្ពុជា និងសាធារណរដ្ឋអ៊ីតាលី និង បានជំរុញលើកទឹកចិត្តឱ្យពង្រឹង និងលើកកម្ព ស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
ក្នុងក្របខណ្ឌទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីអំពីការអរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះរដ្ឋាភិបាលអ៊ីតាលីដែលបានផ្តល់អំណោយវ៉ាក់សាំង AstraZeneca ចំនួន ១,៥៦លានដូសដល់កម្ពុជា ហើយដែលត្រូវបានរៀបចំពិធីទទួលផ្ទាល់ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដែលជំនួយនេះបានបង្ហាញពីសាមគ្គីភាពជាសកលក្នុងការប្រ យុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងស្មារតីសាមគ្គីភាពជាសកលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កាលពីពេលកន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវា Westerdamដែលត្រូវបានបដិសេធការចូលចតដោយប្រទេសមួយចំនួន ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានផ្តល់ជំនួយវ៉ាក់សាំង និងគ្រឿងបរិក្ខារវេជ្ជសាស្រ្តទៅប្រទេសមួយចំនួនរួមមាន មីយ៉ាន់ម៉ា ឡាវ វៀតណាម នេប៉ាល់ និងទីម័រខាងកើត ជាដើម និងបានបញ្ជូនកងកម្លាំងកម្ពុជាជាង៨ពាន់នាក់ទៅចូលរួមក្នុងបេសកកម្ម រ ក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសមួយចំនួន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរដែលបានស្តែងឱ្យឃើញតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងវត្តមាននៃម៉ាកផលិតផល និងហាងអាហារល្បីៗរបស់អ៊ីតាលី នៅក្នុងប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មទ្វេភាគីមានស្ថិរភាពល្អ និងបន្តកើនឡើងជាលំដាប់ ព្រមទាំងបានលើកទឹកចិត្តឱ្យភាគីទាំងពីររិះរកមធ្យោបាយប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម។ ឯកឧត្ត មឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់លើការនាំចូលអ ង្កររបស់កម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះអ៊ីតាលីផងដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យវប្បធម៌ ក្រោមក្របខណ្ឌអាជ្ញាធរជាតិអប្សរា តាមរយៈការបណ្តុះបណ្តាលអ្នកជំនាញអភិរ ក្សប្រាសាទបុរាណខ្មែរ។
ក្នុងក្របខណ្ឌអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ដោយត្រួស ៗអំពីសភាពការណ៍ និងការប្រឈមជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយនិងលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ព្រមទាំងជំហានការងារនាពេលបន្ទាប់ សំដៅជំរុញការអនុវត្តការឯកភាពជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអ៊ីតាលីដែលបានផ្តល់ជំនួយដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ហើយដែលជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងជាថ្មី នូវការបន្តគាំទ្រ និងជួយឧបត្ថម្ភរបស់ប្រទេសអ៊ីតាលីចំពោះមជ្ឈមណ្ឌល ARMAC នេះផងដែរ។
ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលកំពុងកើតឡើងផងដែរ៕