(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយ សេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) និងស្ប៉តវីដេអូអប់រំ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
បើតាមសេចក្តីសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប បានដាក់ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេចរួមមាន៖
ទី១៖ សៀវភៅផ្នត់ (Leaflet) ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ទី២៖ សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យ បោះឆ្នោត (គ.ក.ប)
ទី៣៖ សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើស និងភារកិច្ចរបស់សមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប)
ទី៤៖ ស្ប៉តវីដេអូអប់រំវែង ស្តីពីនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត
ទី៥៖ សេចក្តីជូនដំណឹងស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រាប់ផ្សព្វផ្សាយតាមម៉េក្រូចល័ត ចំនួន៥ សេចក្តីជូនដំណឹង
និងទី៦៖ ខិត្តប័ណ្ណ (Poster) ស្តីពីគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានកែសម្រួលខ្លឹមសារមួយចំនួន ហើយបានសម្រេចឯកភាពជាគោលការណ៍ សម្រាប់ផ្សព្វផ្សាយជាសាធារណៈ និងសម្រាប់អនុវត្តក្នុងការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ដើម្បីបម្រើការងារក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕