បាល់ទាត់៖ ក្រុមបាល់ទាត់ Bayern Munich បានគ្រងជើងឯកក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga ១០រដូវកាលជាប់គ្នា និងជាជើងឯកលើកទី៣២ ក្នុងប្រវត្តិសាស្ត្របន្ទាប់ពីយកឈ្នះ Borussia Dortmund កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។
ក្រុមរបស់លោក Julian Nagelsmann បានក្លាយជាជើងឯករដូវកាលនេះ បន្ទាប់ពីលេងបាន ៣១ប្រកួតមាន ៧៥ពិន្ទុដាច់ក្រុមលេខ ២ Dortmund ១២ពិន្ទុខណៈនៅសល់ ៣ប្រកួតទៀតចប់រដូវកាល។ កីឡាករ Serge Gnabry ជាអ្នករកបានគ្រាប់នាំមុខដំបូង មុនពេលដែលខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ជាអ្នកសំរេចគ្រាប់ទី២។ អតីតខ្សែបម្រើ Liverpool, Emre Can តាមពីក្រោយឱ្យ Dortmund បានមួយគ្រាប់វិញនៅវគ្គទី២ តែកីឡាករយុវជន Jamal Musiala ជាអ្នកសំរេចគ្រាប់ចុងក្រោយឱ្យ Bayern Munich យកឈ្នះ ៣-១។
នៅក្នុងក្រុម Bayern Munich ខ្សែប្រយុទ្ធអាល្លឺម៉ង់ Thomas Muller បានក្លាយជាកីឡាករដំបូងដែលឈ្នះជើងឯក Bundesliga ១១លើក។ ជើងឯក Bundesliga នេះផងដែរក៏បានធ្វើឱ្យអ្នកគាំទ្រ Bayern Munich សប្បាយចិត្តបានខ្លះបន្ទាប់ពីទើបធ្លាក់ពី UEFA Champions League នៅវគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់ Villarreal៕