(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា ការអនុម័តច្បាប់សន្តិសុខជាតិថ្មីរបស់ប្រទេសចិន គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីប្រកាសរួមនៅឆ្នាំ១៩៨៤ ហើយរដ្ឋាភិបាលទីក្រុងឡុងដ៍ នឹងផ្តល់ជូនប្រជាជនហុងកុងប្រហែលជា ៣លាននាក់នូវជម្រើស ដើម្បីចូលសញ្ជាតិអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានថ្លែងក្នុងសភា កាលពីថ្ងៃពុធសប្តាហ៍នេះថា ការអនុម័ត និងការដាក់ឱ្យ អនុវត្តច្បាប់សន្តិសុខជាតិនេះគឺជាការបំពានយ៉ាងច្បាស់ និងធ្ងន់ធ្ងរលើសន្ធិសញ្ញាហុងកុង រវាងប្រទេសចិន និងចក្រភពអង់គ្លេស។
លោក ចនសុន បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួន ក្នុងការផ្តល់ឱ្យអ្នកកាន់លិខិតឆ្លងដែនអង់គ្លេសក្រៅប្រទេស (British National Overseas) នៅទីក្រុងហុងកុង នូវជម្រើសដើម្បីចូលសញ្ជាតិអង់គ្លេស ដែលពួកគេមានសិទ្ធិទៅរស់នៅ និងធ្វើការនៅចក្រភពអង់គ្លេសបាន។
ជុំវិញបញ្ហាខាងខាងលើនេះ ស្ថានទូតចិនប្រចំានៅទីក្រុងឡុងដ៍ បានសរសេរក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើភាគីអង់គ្លេសធ្វើការផ្លាស់ប្តូរជាឯកតោភាគី លើការអនុវត្តវិធានការនេះ អង់គ្លេសនឹងបំពាន់លើជំហររបស់ខ្លួន ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងបទដ្ឋាននានាក្នុងទំនាក់ទំនងអន្តរជាតិ។ ប្រទេសចិនប្រឆាំងដាច់ខាតលើវិធានការនេះ និងរក្សាសិទ្ធិក្នុងការចាត់វិធានការតបវិញ។ ទោះជាយ៉ាងណា ស្ថានទូតចិននៅអង់គ្លេស មិនបានបញ្ជាក់អំពីអ្វី ដែលខ្លួននឹងធ្វើការឆ្លើយតបនោះឡើយ៕